ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ថ្លែងថា ការលំបាកដោយសារសង្គ្រាមដែលកើតមាននៅតំបន់មួយចំនួន នៃពិភពលោកក្នុងពេលបច្ចុប្បន្ន មិនទាន់ស្មើនឹងការលំបាករបស់កម្ពុជា ក្នុងសម័យកាលកម្ពុជាប្រជាធិបតេយ្យ រយៈកាល៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះទេ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ លើកឡើងថា សម័យកម្ពុជាប្រជាធិបតេយ្យ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលគេហៅថាជាគុកគ្មានជញ្ជាំងនោះគឺ មិនអាចរៀបរាប់ពណ៌នាអំពីការលំបាកបានទេ។ ជាការឈឺចាប់បំផុត ដែលជាតិសាសន៍ខ្លួនឯង សម្លាប់រង្គាលជាតិសាសន៍ខ្លួនឯង ដោយវិធីសាស្ត្រច្រើនយ៉ាង រួមមានការបង្អត់អាហារ និងបង្ខំឱ្យធ្វើការគ្មានពេលសម្រាកជាដើម ដែលបណ្តាលមកពីអ្នកនយោបាយដឹកនាំខុស ធ្វើបដិវត្តន៍ខុស។
បើតាមលោកបណ្ឌិត យង់ ពៅ កាលសម័យនោះ គ្មានប្រជារាស្ត្រខ្មែរណាអាចគេចផុតពីរបបខ្មៅបានទេ ទុក្ខលំបាកវេទនា មិនអាចបរិយាយបាន រាងកាយមានតែស្បែកដណ្តប់ឆ្អឹង ហើយត្រូវបានគេបង្ខំឱ្យធ្វើការទាំងគ្មានអាហារ កន្លែងខ្លះបានហុតទឹកបបរ ប៉ុន្តែកន្លែងខ្លះ សូម្បីទឹកបបរក៏គ្មានដែរ ធ្វើស្រែ ធ្វើដំណាំកសិកម្មផ្សេងៗបានផល តែមិនអាចប្រើប្រាស់ផលនោះបាន។ សម័យនោះមិនមែនកម្ពុជាគ្មានអ្វីនោះទេ ប៉ុន្តែ អ្វីដែលមានគឺអង្គការមិនអនុញ្ញាតឱ្យយកទៅប្រើប្រាស់៕


