ក្រុមកសិករមកពីសហជីពកសិកម្មធំជាងគេទីពីររបស់ប្រទេសបារាំងគឺ ខអឌីណេហ្សិន រូរ៉ាល់ (Coordination Rurale) បានប្រមូលផ្តុំនៅជិតទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ តវ៉ាប្រឆាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មទីផ្សាររួមអាមេរិកឡាទីនរបស់សហភាពអឺរ៉ុប និងទាមទារសំណងសមរម្យសម្រាប់ផលិតផលរបស់ពួកគេ។

សារព័ត៌មាន ឡឺ ប៉ារីសៀន (Le Parisien) បានរាយការណ៍ថា ទោះមានការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការចូលទៅកាន់ទីក្រុងប៉ារីស និងលីយ៉ុងក៏ដោយ ពួកគេត្រូវបានររាំងដោយការបិទផ្លូវពីកងកម្លាំងអនុវត្តច្បាប់ ដែលបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំង។

ការតវ៉ានេះកើតឡើងមុនកិច្ចប្រជុំថ្ងៃទី ១៣ ខែមករា ជាមួយនាយករដ្ឋមន្ត្រីបារាំងលោកហ្វ្រង់ស្វ័រ បាយរូ(Francois Bayrou) និងការបោះឆ្នោតសម្រាប់សភាកសិកម្ម ជាទីដែលសហជីពមានបំណងបង្កើនឥទ្ធិពលប្រឆាំងនឹងគូប្រជែងរបស់ខ្លួន គឺសហព័ន្ធសហជីពជាតិកសិករ។
តាំងពីថ្ងៃអាទិត្យមក ក្បួនត្រាក់ទ័រមកពីទូទាំងប្រទេសបារាំង បានព្យាយាមចូលទៅក្នុងរដ្ឋធានីប៉ារីស។ ទោះយ៉ាងណាមកដល់ព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ គ្មាននរណាម្នាក់បានចូលទៅដល់រដ្ឋធានីឡើយ។

លោក Patrick Legras អ្នកនាំពាក្យសហជីពបានថ្លែងថា យើងនៅតែជាប់គាំងនៅចំណុចដដែលដូចកាលពីថ្ងៃអាទិត្យ។
ត្រាក់ទ័រត្រូវបានគេរាយការណ៍នៅក្នុងតំបន់មួយចំនួន និងនៅលើផ្លូវហាយវេ RN4 ភាគខាងកើតនៃរដ្ឋធានីប៉ារីស ជាទីដែលសូម្បីតែរថយន្តឯកជនក៏ប្រឈមនឹងការពន្យារពេលដែរ ដោយសារការរារាំងរបស់នគរបាល៕