ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកំពុងរង់ចាំនៅថ្ងៃអង្គារ ៧ មករា សប្ដាហ៍នេះ សម្រាប់ដីកាចាប់ខ្លួនថ្មីរបស់តុលាការ ក្នុងការចោទប្រកាន់ប្រធានាធិបតីលោក Yoon Suk Yeol ដែលបានបរាជ័យក្នុងការដាក់ច្បាប់អាជ្ញាសឹក និងធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចលដល់បច្ចុប្បន្ន។

អតីតរដ្ឋអាជ្ញារូបនេះ បានបដិសេធការសាកសួរចំនួន៣លើកជុំវិញក្រឹត្យច្បាប់អាជ្ញាសឹកកាលពីខែមុន ហើយត្រូវបានសំងំនៅក្នុងគេហដ្ឋានរបស់លោកដែលហ៊ុព័ទ្ធដោយឆ្មាំរាប់រយនាក់រារាំងការចាប់ខ្លួនរូបលោក។

ដីកាថ្មីទំនងជានឹងត្រូវបានផ្តល់ដោយតុលាការដូចគ្នាដែលបានចេញលើកទី១ និងបានផុតកំណត់បន្ទាប់ពី៧ថ្ងៃ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតបានបដិសេធមិនបង្ហាញរយៈពេលនៃដីកាថ្មីដែលពួកគេកំពុងស្វែងរក។

ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះថា ទីស្នាក់ការកណ្តាលស៊ើបអង្កេតរួម នៅថ្ងៃនេះបានដាក់លិខិតស្នើសុំដីកាទៅកាន់តុលាការក្រុងសេអ៊ូល ដើម្បីបន្តដីកាចាប់ខ្លួនជនជាប់ចោទលោក Yoon ។
ព័ត៌មានលម្អិតទាក់ទងនឹងរយៈពេលសុពលភាពមិនអាចត្រូវបានបង្ហាញទេ
ពុំមានការអត្ថាធិប្បាយដោយក្រុមអ្នកស៊ើបអង្កេត ឬតុលាការក្រុងសេអ៊ូល លើដីកាថ្មីដែលនឹងត្រូវអនុម័តនៅព្រឹកថ្ងៃអង្គារនេះទេ៕