នាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ុលដាវី លោក Dorin Recean បាននិយាយទៅកាន់អ្នកសារព័ត៌មានតាមអ៊ីនធឺណិតថា ការផ្តាច់ការផ្គត់ផ្គង់ទឹកនៅតំបន់ Transdniestria បានចាប់ផ្តើម កាលពីថ្ងៃចន្ទ ទី៦ ខែមករា។

អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា គ្រួសារជាង៥១.០០០គ្រួសារ គ្មានឧស្ម័នប្រើប្រាស់ ហើយអគារលំនៅឋានចំនួន១.៥០០ល្វែង គ្មានម៉ាស៊ីនកម្តៅ ក្នុងតំបន់ហ៊ុមព័ទ្ធផ្តាច់ខ្លួនគាំទ្ររុស្ស៊ី របស់ប្រទេសម៉ុលដាវី ខណៈប្រទេសម៉ុលដាវី និងរុស្ស៊ី បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះវិបត្តិថាមពល ដែលកំពុងកើនឡើង។

តំបន់ Transdniestria ជាតំបន់ផ្តាច់ខ្លួននិយាយភាសារុស្សីជាសំខាន់ នៅតាមបណ្តោយព្រំដែនប្រទេសអ៊ុយក្រែន បានទទួលឧស្ម័នពីរុស្ស៊ីតាមរយៈប្រទេសអ៊ុយក្រែន អស់ជាច្រើនទសវត្សរ៍មកហើយ។
ឧស្ម័ន ត្រូវបានកាត់ផ្តាច់ រួមជាមួយលំហូរទៅកាន់អឺរ៉ុបកណ្តាលនិងខាងកើត ដែលត្រូវបានបញ្ឈប់កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មី បន្ទាប់ពីទីក្រុងគីវ ប្រទេសអ៊ុយក្រែន បានបដិសេធមិនបន្តកិច្ចព្រមព្រៀងឲ្យឧស្ម័នឆ្លងកាត់ ដោយសារតែសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។