ក្រសួងសុខាភិបាលប្រចាំរដ្ឋ Louisiana បាននិយាយកាលពីថ្ងៃចន្ទ (០៦ មករា) ថា អ្នកជំងឺជនជាតិអាមេរិកម្នាក់ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺផ្តាសាយបក្សី H5N1 បានស្លាប់ ដែលជាករណីស្លាប់របស់មនុស្សដំបូងបង្អស់របស់សហរដ្ឋអាមរិក ដោយសារវីរុសនេះ។

មន្ត្រីសុខាភិបាលរដ្ឋ Louisiana និយាយថា អ្នកជំងឺដែលមិនត្រូវបង្ហាញអត្តសញ្ញាណរូបនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី១៨ ខែធ្នូ បន្ទាប់ពីឆ្លងមេរោគក្រោយប៉ះពាល់នឹងសត្វមាន់ និងបក្សីព្រៃផ្សេងទៀត។ មន្ត្រីបន្តថា អ្នកជំងឺមានអាយុលើសពី ៦៥ឆ្នាំ និងមានបញ្ហាសុខភាពស្រាប់ ដែលបង្កហានិភ័យខ្ពស់ចំពោះជំងឺធ្ងន់ធ្ងរ។

មនុស្សជិត ៧០នាក់ នៅសហរដ្ឋអាមេរិក បានឆ្លងជំងឺផ្តាសាយបក្សីនេះ ចាប់តាំងពីខែមេសា ដែលភាគច្រើនជាបុគ្គលិកកសិដ្ឋានចិញ្ចឹមសត្វ ដោយសារមេរោគបានរីករាលដាលក្នុងចំណោមហ្វូងបក្សី និងសត្វចិញ្ចឹមយកទឹកដោះគោ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក ឬហៅថា CDC។ មន្ត្រីសហព័ន្ធ និងរដ្ឋ និយាយថា ហានិភ័យចំពោះសាធារណជនទូទៅ នៅតែមានកម្រិតទាបនៅឡើយ។

ការបន្តផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ដែលបានចាប់ផ្តើមពីសត្វបក្សីក្នុងឆ្នាំ២០២២ បានសម្លាប់បក្សីព្រៃ និងក្នុងស្រុកជិត ១៣០លានក្បាល និងចម្លងដល់សត្វចិញ្ចឹមយកទឹកដោះចំនួន ៩១៧ក្បាល នេះបើយោងតាម មជ្ឈមណ្ឌល CDC និងក្រសួងកសិកម្មសហរដ្ឋអាមេរិក៕