សហរដ្ឋអាមេរិក និងរុស្ស៊ី បានប៉ះទង្គិចពាក្យសម្ដីគ្នាកាលពីថ្ងៃចន្ទ (០៦ មករា) នៅអង្គការសហប្រជាជាតិ ដោយទីក្រុងវ៉ាស៊ីនតោន បានចោទទីក្រុងមូស្គូ ថាបានផ្តល់ថវិកាដល់ភាគីជម្លោះទាំងពីរនៅស៊ូដង់ ដែលជាការបង្កើនដ៏ជាក់ស្តែងពីការអះអាងមុនៗរបស់អាមេរិក ដែលថាក្រុងមូស្គូ កំពុងប្រើប្រាស់ភាគីទាំងសងខាងនៃជម្លោះដើម្បីជំរុញគោលបំណងនយោបាយរបស់ខ្លួន ប៉ុន្តែរុស្ស៊ី បដិសេធ។

សង្រ្គាមស៊ូដង់ បានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ ស្របពេលមានការតស៊ូអំណាចរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) មុនពេលការផ្លាស់ប្តូរទៅការគ្រប់គ្រងស៊ីវិល ដោយបង្កឱ្យមានវិបត្តិភៀសខ្លួន និងការអត់ឃ្លានដ៏ធំបំផុតរបស់ពិភពលោក។

អ្នកនាំពាក្យបេសកកម្មអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានដឹងអំពី "ចំណាប់អារម្មណ៍ដែលកំពុងបន្តរបស់រុស្ស៊ី ចំពោះពាណិជ្ជកម្មមាសរបស់ស៊ូដង់" និងថ្កោលទោសការគាំទ្រសម្រាប់ភាគីជម្លោះ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតរងប្រចាំអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Dmitry Polyanskiy លើកឡើងថា "យើងសោកស្តាយណាស់ ដែលសហរដ្ឋអាមេរិក ព្យាយាមវិនិច្ឆ័យថាប្រទេសមហាអំណាចផ្សេងទៀត ដោយអំណះអំណាងមិនត្រឹមត្រូវរបស់ខ្លួន"។ កាលពីខែធ្នូ ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia បានច្រានចោលនូវអ្វីដែលលោកហៅថា "ការប្រឌិតផ្សព្វផ្សាយដោយប្រទេសលោកខាងលិច និងប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ" ដែលថាទីក្រុងមូស្គូ កំពុងព្យាយាមប្រើប្រាស់ភាគីទាំងពីរដើម្បីទទួលបានផលប្រយោជន៍ពីសង្គ្រាម៕