ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា មនុស្សយ៉ាងតិច ៩៥នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ និង ១៣០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំមួយ បានកើតមាននៅតំបន់ភ្នំទីបេ នាព្រឹកថ្ងៃអង្គារ (ទី៧ ខែមករា) នេះ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដែលបានវាយប្រហារទីក្រុងដ៏ពិសិដ្ឋរបស់ទីបេ គឺ Shigatse នៅម៉ោងប្រហែល ៩ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១ម៉ោងសកល) មានកម្រិត ៧,១រ៉ិចទ័រ និងជម្រៅ ១០គីឡូម៉ែត្រ។ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក ដែលបានបង្ហាញជាបន្តបន្ទាប់ផងដែរនូវរលករំញ័រ ក្នុងតំបន់នេះ។
ការរញ្ជួយនេះក៏ត្រូវបានទទួលអារម្មណ៍ដឹងផងដែរ នៅក្នុងប្រទេសជិតខាងនេប៉ាល់ និងផ្នែកខ្លះនៃប្រទេសឥណ្ឌា។ វីដេអូដែលត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍រដ្ឋរបស់ចិន CCTV បានបង្ហាញឲ្យឃើញពីផ្ទះសម្បែងរងការបំផ្លិចបំផ្លាញ និងអគារបាក់រលំ ខណៈដែលក្រុមអ្នកជួយសង្គ្រោះ បានដើរឆ្លងកាត់គំនរបាក់បែក និងបានប្រគល់ភួយក្រាស់ៗដល់ប្រជាជន ក្នុងតំបន់៕



