អ្នកស្រាវជ្រាវចិនដ៏លេចធ្លោម្នាក់ បានព្រមានថា ហានិភ័យនៃជម្លោះរវាងចិន-អាមេរិក នៅសមុទ្រចិនខាងត្បូងនឹងកើនឡើងនៅឆ្នាំ២០២៥នេះ ដែលជំរុញដោយវិធីសាស្រ្តប្រឈមមុខដាក់គ្នានិងការអះអាង ដែលត្រូវបានរំពឹងទុករបស់ប្រធានាធិបតី លោក Donald Trump ដែលចូលកាន់តំណែងនៅពេលខាងមុខ។
លោក Wu Shicun ស្ថាបនិកវិទ្យាស្ថានជាតិសម្រាប់ការសិក្សាពីសមុទ្រចិនខាងត្បូង និងជាអតីតទីប្រឹក្សានយោបាយរបស់ទីក្រុងប៉េកាំង បាននិយាយថា រដ្ឋបាលថ្មី របស់លោកTrump នឹងមានភាពតក់ក្រហល់និងបង្កភាពប្រទូសរ៉ាយជាងអ្នកកាន់តំណែងមុន លើបញ្ហាទាក់ទងទៅនឹងផ្លូវទឹកដែលមានជម្លោះ។
នៅក្នុងអត្ថបទមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចុងសប្រាហ៍កន្លងទៅនេះដោយកាសែត World Affairs Press របស់ក្រសួងការបរទេសចិន លោក Wu បានព្យាករណ៍ថា ការប្រឈមមុខដាក់គ្នារបស់ចិនជាមួយហ្វីលីពីន និងវៀតណាមនឹងបន្ត ព្រមទាំងបញ្ហា ដែលប្រឈមមុខទៅនឹងក្រមប្រតិបត្តិ ដែលត្រូវបានពន្យារពេលជាយូរមក។
លោកបានសរសេរថា «ហានិភ័យនៃទម្រង់ជម្លោះមួយចំនួនរវាងចិន និងសហរដ្ឋអាមេរិក នៅសមុទ្រចិនខាងត្បូង នឹងកើនឡើង បណ្តាលមកពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិកដែលកើនឡើង និងការបង្កើនវិធានការប្រឆាំង ធ្វើឡើដោយប្រទេសចិន»។
ទីក្រុងប៉េកាំង បានអះអាងសិទ្ធភាគច្រើននៃផ្ទាំងថ្ម កោះថ្មប៉ប្រាស់ទឹក ថ្មប៉ប្រះទឹកនានា និងផ្ទៃទឹក ដែលនៅជុំវិញនៃអ្វីដែលខ្លួនហៅថាកោះ Nanhai Zhudao ជាប្រជុំកោះនៅសមុទ្រចិនខាងត្បូង ដោយរុញឲ្យមានជម្លោះជាមួយប្រទេសវៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងហ្វីលីពីន ដែលបានអះអាងសិទ្ធត្រួតស៊ីគ្នារៀងៗខ្លួន។