ប្រភពការពារជាតិ បានប្រាប់សារព័ត៌មាន New York Post (The Post) ថា ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងក្លាយជាភារកិច្ចដ៏លំបាក «បំផុត» សម្រាប់កងកម្លាំងអ៊ីស្រាអែល ក្នុងការវាយប្រហារ ដោយបន្ថែមថា រដ្ឋជ្វីហ្វមានឆន្ទៈ ក្នុងការចាត់វិធានការដ៏មានហានិភ័យបែបនេះ ប្រសិនបើក្រុមមន្ត្រីជឿថា វាជារឿងចាំបាច់ ដោយសារប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump មិនបានជំទាស់ដល់អ្វីដែលអាចកើតមាននេះទេ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានធ្វើសង្រ្គាមដោយប្រយោលជាមួយអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមភេរវករហាម៉ាស បានវាយប្រហារសម្លាប់ជនស៊ីវិលប្រមាណជា ១.២០០នាក់ និងចាប់ជាចំណាប់ថ្នូររាប់រយនាក់ទៀត។ ក្រុមមន្ត្រីអ៊ីស្រាអែល បានរៀបរាប់ថា ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ក្រុមហេសបូឡា នៅប្រទេសលីបង់ និងក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន រួមគ្នាជាតំណាងឲ្យការគំរាមកំហែង «ដ៏ធំ» របស់អ៊ីរ៉ង់។
ឥឡូវនេះ ដោយទីក្រុងតេអេរ៉ង់ចុះខ្សោយខ្លាំង បន្ទាប់ពីមានជម្លោះជាង ១ឆ្នាំ មជ្ឈដ្ឋានខាងក្នុង ប្រាប់សារព័ត៌មាន The Post ថា អ៊ីស្រាអែលចង់លុបបំបាត់សមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយកម្លាំង ប្រសិនបើចាំបាច់។

មន្ត្រីម្នាក់បានពន្យល់ថា៖ «យើងគ្មានជម្រើស (មិនដោះស្រាយការគំរាមកំហែង) ទេ ពីព្រោះយើងយល់ថា (អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់) នឹងសំដៅមកយើង ហើយជំហររបស់យើង គឺយើងប្រឆាំងនឹងវា ហើយសង្ឃឹមថា មានវិធីដើម្បីបញ្ឈប់វាដែលមិនមែនជាការប្រើកម្លាំងយោធា។ ប៉ុន្តែបើមិនដូច្នោះទេ យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសកម្មភាពយោធា»។
គួរបញ្ជាក់បន្ថែមថា អ៊ីរ៉ង់ បាន និងកំពុងកសាងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ ដោយសារលោក Trump បានដកសហរដ្ឋអាមេរិកចេញពីអ្វីដែលគេហៅថា ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ក្នុងឆ្នាំ២០១៨ ហើយទីក្រុងតេអេរ៉ង់ បានលើកឡើងពីឆន្ទៈ ក្នុងការប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលទាមទារឲ្យលុបចោលភាគច្រើននៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងអនុញ្ញាតឲ្យមានការត្រួតពិនិត្យអន្តរជាតិកាន់តែទូលំទូលាយបន្ថែមទៀត៕
