សេចក្តីថ្លែងការណ៍យោធាមួយ បានឲ្យដឹងកាលពីថ្ងៃចន្ទថា អាជ្ញាធរដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិរបស់ប្រទេសលីប៊ី បានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងជួញដូរគ្រឿងញៀន និងរត់ពន្ធប្រេងឥន្ធនៈ នៅភាគខាងលិចនៃរដ្ឋធានីនេះ។
វានៅតែមិនទាន់ច្បាស់ថាតើមានអ្នកស្លាប់និងរបួសពីការវាយប្រហារ នៅក្នុងទីក្រុង Zawiya ដែលជាទីក្រុងមួយនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ មានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ (២៥ម៉ាយ) ភាគខាងលិចនៃរដ្ឋធានីទ្រីប៉ូលី ដែរឬយ៉ាងណាទេ។
ប្រទេសលីប៊ី បានធ្លាក់ចូលទៅក្នុងភាពវឹកវរ បន្ទាប់ពីការបះបោរដែលគាំទ្រដោយអង្គការណាតូ បាន ផ្តួលរំលំ និងសម្លាប់បុរសខ្លាំងលោក Muammar Qaddafi ក្នុងឆ្នាំ ២០១១ ដោយក្រុមប្រដាប់អាវុធ បានកេងចំណេញលើស្ថានភាពនេះ ដើម្បីផ្តល់មូលនិធិដល់សកម្មភាពរបស់ពួកគេ តាមរយៈការរត់ពន្ធប្រេងឥន្ធនៈ និងការជួញដូរជនអន្តោប្រវេសន៍។
កងទ័ពលីប៊ី បាននិយាយថា ការវាយប្រហារតាមអាកាស «បានកំណត់គោលដៅ និងបំផ្លាញទីតាំងជួញដូរប្រេងឥន្ធនៈ នៅក្នុងទីក្រុង Zawiya ជាពិសេសនៅតំបន់ Asban» ដែលជាតំបន់ពាក់កណ្តាលជនបទ នៅខាងក្រៅទីក្រុងនេះ។
កងទ័ពក៏បានអំពាវនាវឲ្យអ្នកស្រុកបោសសម្អាតតំបន់ ដែលខ្លួនចាត់ទុកថា ជា «តំបន់ការពារដ៏រឹងមាំសម្រាប់ការជួញដូរ និងឧក្រិដ្ឋកម្ម»។
អាជ្ញាធរបាននិយាយនៅពេលនោះថា នៅក្នុងខែឧសភា ឆ្នាំ ២០២៣ រដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី បានធ្វើការវាយប្រហារដោយយានដ្រូន ដែលជាផ្នែកមួយនៃប្រតិបត្តិការប្រឆាំងការរត់ពន្ធដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងជាច្រើននាក់ទៀត រងរបួស។
ការវាយប្រហារទាំងនោះ បានកើតឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធដែលគេសង្ស័យថា មានការជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការរត់ពន្ធប្រេងឥន្ធនៈ និងទំនិញហាមមិនឲ្យនាំចូលផ្សេងទៀត។