ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុករៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១។
នេះបើយោងតាមPage ផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាពិសេសក្នុងមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបនេះ បង្ហាញពីភាពចម្រុះនៃវប្បធម៌អាស៊ី និងអឺរ៉ុប ត្រូវបានប្រារព្វឡើងនៅក្នុងមហោស្រពនេះ ជាមួយនឹងសិល្បទស្សនីយភាពច្រើនទម្រង់, ការតាំងពិព័រណ៍, ការចាក់បញ្ចាំងខ្សែភាពយន្ត និងកិច្ចពិភាក្សា ក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីភាពផ្សេងៗគ្នា នៃវប្បធម៌ ដែលនាំមកនូវសុខដុមភាព ការអភិវឌ្ឍ និងកិច្ចសន្ទនាកាន់តែប្រសើរឡើងរវាងទ្វីបទាំងពីរ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ព្រមទាំងមានការរៀបចំតាំងពិព័រណ៍វប្បធម៌ដោយផ្ទាល់នៅសារមន្ទីរជាតិ និងការបញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្តមេជើរស៊ីនេផ្លិច សាខាអ៉ីអន១ ក្នុងរាជធានីភ្នំពេញ៕ អត្ថបទ ៖ រដ្ឋា