ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្រុមអ៊ីស្លាមនិយមហាម៉ាស បានព្រមព្រៀងដោះលែងចំណាប់ថ្នូរ ៣៤នាក់ ក្នុងអំឡុងដំណាក់កាលដំបូងនៃបទឈប់បាញ់ដ៏មានសក្តានុពល។ ការចរចា មានបំណងទទួលបានបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរ ដែលកំពុងត្រូវបានឃុំខ្លួននៅទីនោះបានជាប់គាំង ដោយសារការខ្វែងគំនិតគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជុំវិញផែនការបីដំណាក់កាល ដែលត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយ BBC របស់ចក្រភពអង់គ្លេស និងប្រព័ន្ធផ្សព្វផ្សាយក្នុងបណ្តាប្រទេសអារ៉ាប់ បានរាយការណ៍ថា ក្រុមហាម៉ាស បានព្រមព្រៀងដោះលែងចំណាប់ថ្នូរ៣៤នាក់ រួមមានស្ត្រី និងមនុស្សចាស់ ក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់។ ក្រុមហាម៉ាស ទំនងជាចង់ឲ្យរយៈពេលនោះ មានប្រហែល៦សប្តាហ៍។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ រួមមានបញ្ជីឈ្មោះចំណាប់ថ្នូរដែលផ្តល់ឲ្យដោយក្រុមហាម៉ាស ជាអ្នកដែលនឹងត្រូវដោះលែង។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយនិយាយថា «អ៊ីស្រាអែល ពុំបានទទួលការបញ្ជាក់ឬការអត្ថាធិប្បាយណាមួយ ពីក្រុមហាម៉ាសនោះទេ ទាក់ទងនឹងស្ថានភាពនៃចំណាប់ថ្នូរ ដែលបង្ហាញនៅក្នុងបញ្ជី»។
តាមសេចក្តីរាយការណ៍ អ៊ីស្រាអែល ចង់បានព័ត៌មានអំពីជោគវាសនារបស់ចំណាប់ថ្នូរ មុនពេលដែលខ្លួនមានចំណាត់ការឈានដល់កិច្ចព្រមព្រៀង។
អ្នកវិភាគមួយចំនួននិយាយថា ក្រុមហាម៉ាសកំពុងបង្ហាញពីឆន្ទៈក្នុងការព្រមព្រៀង ដោយសារតែសម្ពាធពីសហរដ្ឋអាមេរិក និងប្រទេសសម្របសម្រួល ផ្សេងទៀត។ ប៉ុន្តែអ្នកផ្សេងទៀត មានការព្រួយបារម្ភថា ចំណាត់ការចុងក្រោយរបស់ក្រុមហាម៉ាស គឺគ្រាន់តែជាយុទ្ធសាស្ត្រដើម្បីពន្យាពេលប៉ុណ្ណោះ។