រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) បាននិយាយបន្ទាប់ពីកិច្ចពិភាក្សារបស់លោក ជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ថា សហរដ្ឋអាមេរិក គាំទ្រការផ្លាស់ប្តូរអំណាចនយោបាយដោយសន្តិភាព នៅក្នុងប្រទេសស៊ីរី និងការបង្កើតរដ្ឋាភិបាលចម្រុះមួយ។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ លោករដ្ឋមន្ត្រី អង់តូនី ប្ល៊ីនខិន បាននិយាយនៅថ្ងៃនេះ ជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Faisal bin Farhan Al Saud។ «លោករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការផ្លាស់ប្តូរនយោបាយដោយសន្តិភាព ដែលដឹកនាំដោយស៊ីរី និងគ្រប់គ្រងដោយស៊ីរី ទៅជារដ្ឋាភិបាលដែលចម្រុះ មានតំណាង និងមានការទទួលខុសត្រូវ»។

លោក Miller បានបន្តទៀតថា៖«គាត់ [លោក ប្លីនខិន] បានសង្កត់ធ្ងន់លើគោលដៅរួមរបស់សហគមន៍អន្តរជាតិសម្រាប់ភាគីស៊ីរីទាំងអស់ ក្នុងការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានសម្រាប់ប្រជាជនស៊ីរីទាំងអស់ រួមទាំងសមាជិកនៃក្រុមជនជាតិភាគតិច និងដើម្បីការពារប្រទេសស៊ីរី ពីការប្រើប្រាស់ជាមូលដ្ឋានសម្រាប់អំពើភេរវកម្ម»។
មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ បាននិយាយថា៖«លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សហគមន៍អន្តរជាតិ ក្នុងការសម្របសម្រួលលំហូរនៃជំនួយមនុស្សធម៌ នៅទូទាំងប្រទេសស៊ីរី និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដែលបានផ្តល់ជំនួយដល់ប្រជាជនស៊ីរី»។
