រយៈពេលមួយខែនៃការបង្រ្កាបដោយកងកម្លាំងសន្តិសុខប៉ាឡេស្ទីនលើក្រុមសកម្មប្រយុទ្ធ នៅតំបន់វេសបែង (West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ផ្លូវនានានៃជំរំជនភៀសខ្លួន Jenin ត្រូវបានបោះបង់ចោល លើកលែងតែអ្នកស្រុកពីរបីនាក់ បានទៅមើលផ្ទះសម្បែតរបស់ពួកគេមួយភ្លែតៗ។
ហាងលក់នានា ត្រូវបានបិទ ហើយក្រុមសកម្មប្រយុទ្ធ បានសាងសង់របាំងដែក ដើម្បីរារាំងកងកម្លាំងប៉ាឡេស្ទីន នៅក្នុងតំបន់ដែលការវាយឆ្មក់របស់កងទ័ពអ៊ីស្រាអែល គឺជារឿងធម្មតា។
រថយន្តយោធាពណ៌ខ្មៅជាច្រើនគ្រឿងមកពីអាជ្ញាធរប៉ាឡេស្ទីន (PA) ដែលធ្វើការគ្រប់គ្រងមានកម្រិតលើតំបន់វេសបែង បានឈរជើងនៅហួសពីផ្លូវបិទមួយចំនួន នៅច្រកចូលជំរំនេះ។
លោក Muayyad Al-Saadi អាយុ ៥៣ឆ្នាំ ជាអ្នករស់នៅជំរំ Jenin បាននិយាយថា៖«ខ្ញុំគ្រាន់តែត្រឡប់មកពិនិត្យមើលផ្ទះរបស់ខ្ញុំប៉ុណ្ណោះ ជិះកង់ទៅលើផ្លូវ ដែលមិនទាន់មានចាក់កៅស៊ូ»។
លោក Saadi ដែលជាជនជាតិប៉ាឡេស្ទីនម្នាក់ក្នុងចំណោមប្រជាជនប៉ាឡេស្ទីនប្រហែល ១៧.000 នាក់ដែលរស់នៅក្នុងជំរំបានភៀសខ្លួន នៅពេលដែលមានការប៉ះទង្គិចគ្នា បានចាប់ផ្តើមនៅដើមខែធ្នូ ដោយលើកឡើងពីការខ្វះខាតអគ្គិសនី និងទឹកប្រើប្រាស់។
ការប្រយុទ្ធគ្នា ដែលបង្កឡើងដោយការចាប់ខ្លួនជនសកម្មប្រយុទ្ធជាច្រើននាក់ មានការចូលរួមពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលមានទំនាក់ទំនងជាមួយគូប្រជែងនៃថ្នាក់ដឹកនាំរបស់អាជ្ញាធរប៉ាឡេស្ទីន។