នាយករដ្ឋមន្ត្រីសេរីនិយមកាណាដា លោក Justin Trudeau កាលពីចន្ទ (ទី៦ ខែមករា) បានប្រកាសចុះចេញពីតំណែង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីកាន់អំណាចរយៈពេល ៩ឆ្នាំ ដោយព្រមទន់តាមសម្ពាធរបស់សមាជិកសភាដែលព្រួយបារម្ភ ចំពោះចំនួនសំឡេងគាំទ្រនៃការស្ទង់មតិ មុនការបោះឆ្នោត។
ឥស្សរជន និងមេដឹកនាំមួយចំនួន បានបញ្ចេញប្រតិកម្មរបស់ខ្លួន ពាក់ព័ន្ធនឹងការប្រកាសនេះ ដោយជាដំបូងគេនេះ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានលោកឡើងថា៖ «មនុស្សជាច្រើន នៅក្នុងប្រទេសកាណាដា ចូលចិត្តធ្វើជារដ្ឋទី៥១ របស់អាមេរិកច្រើនជាង។ អាមេរិកមិនអាចទទួលរងនូវឱនភាពពាណិជ្ជកម្ម និងការឧបត្ថម្ភកធនដ៏ធំដែលប្រទេសកាណាដាត្រូវការបន្តរស់រានផ្នែកហិរញ្ញវត្ថុនោះទេ។ លោក Justin Trudeau ដឹងរឿងនេះ ហើយបានលាលែងពីតំណែង។ ប្រសិនបើកាណាដាបញ្ចូលជាមួយអាមេរិក នោះនឹងមិនមានការយកពន្ធទេ ពន្ធនឹងលែងមាន ហើយពួកគេនឹងមានសុវត្ថិភាពទាំងស្រុងពីការគំរាមកំហែងរបស់នាវារុស្ស៊ី និងចិន ដែលតែងតែនៅជុំវិញពួកគេ។ រួមគ្នា ដើម្បីក្លាយជាប្រទេសដ៏សែនអស្ចារ្យ!!!»។
ចំណែកមេដឹកនាំគណបក្សអភិរក្សខាងក្រុមប្រឆាំងរបស់កាណាដា លោក Pierre Poilievre បាននិយាយថា៖ «គ្មានអ្វីផ្លាស់ប្តូរទេ។ រាល់សមាជិកសភាសេរីនិយម និងអ្នកប្រជែងភាពជាអ្នកដឹកនាំបានគាំទ្រអ្វីៗគ្រប់យ៉ាងដែលលោក Trudeau បានធ្វើអស់រយៈពេល ៩ឆ្នាំ ហើយឥឡូវនេះពួកគេចង់បញ្ឆោតអ្នកបោះឆ្នោត ដោយការផ្លាស់ប្តូរមុខមាត់ក្រុមសេរីនិយមមួយផ្សេងទៀត»។
រីឯលោក Jagmeet Singh មេដឹកនាំគណបក្សប្រឆាំងប្រជាធិបតេយ្យថ្មីរបស់កាណាដា បានលើកឡើងថា៖ «បញ្ហាមិនមែនត្រឹមតែពាក់ព័ន្ធនឹងលោក Justin Trudeau ប៉ុណ្ណោះទេ។ វាពាក់ព័ន្ធនឹងរដ្ឋមន្ត្រីទាំងអស់ដែលកំពុងអំពាវនាវឲ្យមានការសម្រេចនេះ។ ជាការពាក់ព័ន្ធនឹងសមាជិកសភារបស់សេរីនិយមទាំងអស់ដែលមិនអើពើនឹងប្រជាជនកាណាដា ដែលព្រួយបារម្ភអំពីការចំណាយខ្ពស់ ឬការថែទាំសុខភាពធ្លាក់ចុះ»។
រដ្ឋមន្ត្រីប្រចាំខេត្ត Ontario លោក Doug Ford បាននិយាយថា៖ «ប្រធានាធិបតីជាប់ឆ្នោតលោក Trump បន្តធ្វើការគំរាមកំហែងយ៉ាងពិតប្រាកដ អំពីការដំឡើងពន្ធគយដែលនឹងប៉ះពាល់សេដ្ឋកិច្ចកាណាដា។ កាណាដាត្រូវបង្ហាញពីស្ថិរភាព និងភាពរឹងមាំ នៅក្នុងពេលវេលាដ៏សំខាន់នេះ ហើយរដ្ឋាភិបាលសហព័ន្ធ ត្រូវតែពន្យល់ជាបន្ទាន់ដល់ប្រជាជនកាណាដា អំពីរបៀបដែលពួកគេនឹងចៀសវាងការដំឡើងពន្ធដែលអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់យើង»។
ហើយលោកស្រី Candace Laing ប្រធាន និងជានាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មកាណាដា បានបញ្ចេញប្រតិកម្មថា៖ «លោកនាយករដ្ឋមន្ត្រី Justin Trudeau បានយល់ពីបរិយាកាសជុំវិញរូបលោក ហើយបានធ្វើការសម្រេចយ៉ាងត្រឹមត្រូវ ដោយប្រកាសលាលែងពីតំណែង នៅថ្ងៃនេះ។ ការលាលែងពីតំណែងរបស់លោក គឺជាចំណុចរបត់មួយ នៅពេលដែលប្រទេសកាណាដា ត្រូវដោះស្រាយបញ្ហាប្រឈម ទាំងក្នុងស្រុក និងអន្តរជាតិដែលមិនធ្លាប់មានពីមុនមក»៕