តាកែវ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់ច្រកព្រំដែនចំនួនបីរបស់ខេត្តតាកែវ ចំនួនជាង៨០ម៉ឺនតោន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ លោក ញិប ស្រ៊ន បានប្រាប់BTVថា គិតចាប់ពីខែដើមខែមករា រហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្រូវចំនួនជាង៨៦ម៉ឺនតោន ត្រូវបានដឹកឆ្លងច្រកទ្វារព្រំដែនចំនួនបីរបស់ខេត្តតាកែវ ជាពិសេសដឹកឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន យកទៅលក់នៅប្រទេសវៀតណាម ដែលភាគច្រើនជាប្រភេទស្រូវអ៊ីអ៊ែ ដោយលក់ក្នុងតម្លៃ១តោនបានជាង៨០ម៉ឺនរៀល។
លោក បានបន្តថា ស្រូវទាំងអស់នោះ ត្រូវបាននាំយកមកពីតាមបណ្ដាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺ កណ្ដាល ពោធិ៍សាត់ និងកំពង់ឆ្នាំងជាដើម។ បើប្រៀបធៀបនឹងឆ្នាំមុន ការនាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ក្នុងឆ្នាំនេះ មានការកើនឡើងប្រមាណ៤០០ភាគរយ គឺកាលពីឆ្នាំ២០២០ ការនាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់ខេត្តតាកែវ គឺមានចំនួនជិត២សែនតោនតែប៉ុណ្ណោះ ។
លោក ញិប ស្រ៊ន បានឱ្យដឹងទៀតថា ក្រៅពីស្រូវ កម្ពុជាក៏បាននាំផ្លែស្វាយ ប្រមាណ៣ម៉ឺនតោនយកទៅលក់នៅប្រទេសវៀតណាមផងដែរ ចំពោះតម្លៃស្វាយវិញ គឺក្រុមឈ្មួញវៀតណាមទិញក្នុងតម្លៃ១៧៥ដុល្លារ ឬ៧០ម៉ឺនរៀល ក្នុងមួយតោន។ តម្លៃនេះ គឺប្រហាក់ប្រហែលគ្នានឹងតម្លៃលក់នៅលើទីផ្សារក្នុងស្រុក របស់ប្រទេសកម្ពុជាដែរ៕
អត្ថបទ៖ គុជ វិភាគ