ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សចំនួន ៤៩ នាក់ ត្រូវបានសម្លាប់ នៅក្នុងទឹកដីប៉ាឡេស្ទីន ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៃសង្គ្រាមនេះ កើនឡើងដល់ ៤៥.៨៥៤នាក់។
ក្រសួងក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្ស ១០៩.១៣៩ នាក់ បានរងរបួស ក្នុងរយៈពេលជិត ១៥ ខែនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣របស់ក្រុមប៉ាឡេស្ទីន។
កាលពីថ្ងៃចន្ទផងដែរ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានបើកការបាញ់ប្រហារលើក្បួនរថយន្តរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី ០៥ ខែមករា នៅក្នុងឧប្បត្តិហេតុមួយ ដែលវាត្រូវបានគេពិពណ៌នាថា «គួរឲ្យរន្ធត់»។
ទីភ្នាក់ងារនេះ បាននិយាយថា ក្បួនរថយន្តរបស់ខ្លួនចំនួន ៣គ្រឿង ដែលដឹកបុគ្គលិកចំនួន ៨នាក់ ត្រូវរងការវាយប្រហារដោយគ្រាប់កាំភ្លើងចំនួន ១៦គ្រាប់ នៅជិតប៉ុស្តិ៍ត្រួតពិនិត្យ Wadi Gaza ដែលមិនបណ្តាលឲ្យមានអ្នករងរបួសទេ។

