ប្រទេសស្លូវ៉ាគី កាលពីថ្ងៃចន្ទ (ទី៧ ខែមករា) បានឲ្យដឹងថា កិច្ចប្រជុំ រវាងមន្ត្រីស្លូវ៉ាគី អ៊ុយក្រែន និងគណៈកម្មការអឺរ៉ុប ស្តីពីការផ្គត់ផ្គង់ឧស្ម័នដែលគ្រោងសម្រាប់ថ្ងៃអង្គារនេះ ត្រូវបានលុបចោល ដោយសារទីក្រុងគីវ នឹងមិនចូលរួមនោះឡើយ។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico ដែលគាំទ្ររុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មការ កំពុងស្វែងរកឲ្យមានកាលបរិច្ឆេទថ្មី សម្រាប់កិច្ចប្រជុំ។
លោក Fico បានចោទប្រកាន់ទីក្រុងគីវថា បានធ្វើឲ្យប្រទេសស្លូវ៉ាគីរងផលប៉ះពាល់ ដោយមិនបន្តកិច្ចព្រមព្រៀងបញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់ ហើយបានគំរាមកាត់ផ្តាច់លំហូរអគ្គិសនីទៅអ៊ុយក្រែន និងកាត់បន្ថយជំនួយ សម្រាប់ជនភៀសខ្លួនរបស់ប្រទេសនេះ។
ទីក្រុងគីវ បានលើកឡើងថា ការបញ្ចប់ការបញ្ជូនឧស្ម័នឆ្លងកាត់នេះ គឺដើម្បីបិទប្រាក់ចំណូលរបស់ទីក្រុងមូស្គូ ក្នុងកំឡុងពេលដែលរុស្ស៊ីបន្តវាយប្រហារអ៊ុយក្រែន។
ប្រទេសស្លូវ៉ាគី បានរៀបចំប្រភពឧស្ម័ន និងផ្លូវបញ្ជូនជំនួសផ្សេង ប៉ុន្តែលោក Fico បានលើកហេតុផលថា ការបញ្ចប់ការបញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់របស់អ៊ុយក្រែន មានន័យថា ស្លូវ៉ាគីបាត់បង់ចំណូលការបញ្ជូនឆ្លងកាត់ផ្ទាល់ខ្លួន ហើយត្រូវចំណាយបន្ថែមទៀត ដើម្បីយកឧស្ម័នពីកន្លែងផ្សេង៕

