ជើងហោះហើរអន្តរជាតិ បានចាប់ផ្តើមដំណើរការឡើងវិញ នៅអាកាសយានដ្ឋានសំខាន់របស់ប្រទេសស៊ីរីក្នុងទីក្រុងដាម៉ាស នៅថ្ងៃអង្គារនេះ ជាលើកដំបូង ចាប់តាំងពីក្រុមឧទ្ទាមដឹកនាំដោយឥស្លាម បានផ្តួលរំលំប្រធានាធិបតីលោក បាសា អាល់អាសាដ ( Bashar Assad) កាលពីខែមុន។
ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Syrian Airlines ឆ្ពោះទៅកាន់ទីក្រុង Sharjah ក្នុងប្រទេសអារ៉ាប់រួម បានហោះឡើង នៅម៉ោងប្រហែល១១:៤៥ ព្រឹក ដែលជាការសម្គាល់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិលើកដំបូងចេញពីព្រលានយន្តហោះនេះ ចាប់តាំងពីថ្ងៃទី ០៨ ខែធ្នូ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានដកស្រង់សម្តីមន្ត្រីម្នាក់ ដែលបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសស៊ីរី នឹងទទួលបាននាវាផលិតអគ្គិសនីចំនួនពីរគ្រឿងពីប្រទេសទួរគី និង កាតា ដើម្បីបង្កើនការផ្គត់ផ្គង់ថាមពល ដែលរងផលប៉ះពាល់ដោយការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក្នុងអំឡុងពេលការគ្រប់គ្រងរបស់ប្រធានាធិបតី បាសា អាល់អាសាដ។
លោក Khaled Abu Dai អគ្គនាយកនៃគ្រឹះស្ថានទូទៅទទួលបន្ទុកការបញ្ជូន និងចែកចាយអគ្គិសនី បានប្រាប់សារព័ត៌មាន SANA ថា នាវាទាំងនោះ នឹងផ្តល់ថាមពលអគ្គិសនីសរុបចំនួន ៨០០ មេហ្គាវ៉ាត់ ប៉ុន្តែមិនបានបញ្ជាក់ពីរយៈពេលប៉ុន្មាននោះទេ។

