បើយោងតាមបុគ្គលដែលដឹងពីកិច្ចពិភាក្សា បានឲ្យដឹងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម) បាន និងកំពុងពិភាក្សាជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកដែលចូលរួមក្នុងការគ្រប់គ្រងជាបណ្តោះអាសន្នលើតំបន់ហ្កាហ្សា ក្រោយសង្គ្រាម រហូតដល់អាជ្ញាធរប៉ាឡេស្ទីនដែលត្រូវបានកែទម្រង់ អាចទទួលបន្ទុកដឹកនាំតំបន់នេះ។
ការពិភាក្សាក្រោយឆាក ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន Reuters ជាលើកដំបូង រួមមានលទ្ធភាពរបស់អារ៉ាប់រួម និងសហរដ្ឋអាមេរិក រួមជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត ត្រួតពិនិត្យជាបណ្តោះអាសន្ននូវអភិបាលកិច្ច សន្តិសុខ និងការកសាងតំបន់ហ្កាហ្សាឡើងវិញ បន្ទាប់ពីយោធាអ៊ីស្រាអែលដកចេញ និងរហូតដល់ រដ្ឋបាលប៉ាឡេស្ទីន អាចចូលត្រួតត្រាបាន។ នេះបើតាមមន្ត្រីការទូតបរទេស និងមន្ត្រីលោកខាងលិចរាប់សិបនាក់ ដែលបានប្រាប់មកសារព័ត៌មាន Reuters។

គួរបញ្ជាក់ថា អារ៉ាប់រួម គឺជាដៃគូសន្តិសុខដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ហើយមិនដូចរដ្ឋាភិបាលអារ៉ាប់ភាគច្រើនទេ មានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល។ អ្នកការទូត និងមន្ត្រីជាច្រើន បានលើកឡើងថា និន្នាការនេះផ្តល់ឲ្យរដ្ឋឈូងសមុទ្រនូវឥទ្ធិពលខ្លះៗលើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។
ប្រភពដែលសុំនិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះការសន្ទនានេះ ជាកិច្ចការឯកជន បានប្រាប់ថា បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាង ១ឆ្នាំមក អ៊ីស្រាអែលនៅតែស្ទាក់ស្ទើរក្នុងការគូសបញ្ជាក់ អំពីចក្ខុវិស័យផ្ទាល់ខ្លួន សម្រាប់តំបន់ហ្កាហ្សា ហើយសហគមន៍អន្តរជាតិ បានជួបការលំបាកក្នុងការរៀបចំផែនការដែលអាចសម្រេចបានមួយ។
ហើយជាមួយគ្នានេះ អ្នកការទូត និងមន្ត្រីទាំងនោះ បានសង្កត់ធ្ងន់ថា គំនិតដែលកើតចេញពីកិច្ចចរចាអារ៉ាប់រួមនេះ ខ្វះព័ត៌មានលម្អិត ហើយមិនត្រូវបានប្រមូលរួបរួម ដើម្បីឲ្យចេញទៅជាផែនការផ្លូវការ និងជាលាយលក្ខណ៍អក្សរ ឬទទួលបានការអនុម័តពីរដ្ឋាភិបាលណាមួយឡើយ៕
