ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី៧ ខែមករា) នេះ បានឲ្យដឹងថា ចំនួនមនុស្សដែលត្រូវបានប្រហារជីវិត នៅប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់ ៩០១នាក់ កាលពីឆ្នាំមុន ក្នុងនោះរួមទាំងស្ត្រីចំនួន ៣១នាក់ផងដែរ ដែលមួយចំនួនត្រូវបានកាត់ទោសពីបទសម្លាប់ប្តីរបស់ពួកគេ បន្ទាប់ពីទទួលរងការរំលោភបំពាន ឬត្រូវបានបង្ខំឲ្យរៀបការ។
សេចក្តីថ្លែងការណ៍របស់ UN បានរៀបរាប់ថា ការប្រហារជីវិតភាគច្រើន គឺពាក់ព័ន្ធទៅនឹងបទល្មើសទាក់ទងនឹងគ្រឿងញៀន ប៉ុន្តែអ្នកប្រឆាំងនយោបាយ និងអ្នកពាក់ព័ន្ធជាមួយនឹងការតវ៉ាទ្រង់ទ្រាយធំ ក្នុងឆ្នាំ២០២២ ជុំវិញការស្លាប់របស់ស្ត្រីអាយុ ២២ឆ្នាំម្នាក់ នៅពេលត្រូវបានឃុំឃាំងដោយនគរបាល ក៏ស្ថិតក្នុងចំណោមជនរងគ្រោះផងដែរ។
ស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់ UN លោក Volker Türk បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់អ្នកសារព័ត៌មានថា៖ «វាជារឿងគួរឲ្យព្រួយបារម្ភដែលជាថ្មីម្ដងទៀត យើងឃើញមានការកើនឡើងនូវចំនួនមនុស្សដែលត្រូវទទួលទោសប្រហារជីវិត នៅប្រទេសអ៊ីរ៉ង់ ពីមួយឆ្នាំទៅមួយឆ្នាំ។ វាដល់ពេលហើយ ដែលអ៊ីរ៉ង់ ត្រូវបញ្ឈប់ការប្រហារជីវិតកើនឡើងជាលំដាប់នេះ»។
ការិយាល័យសិទ្ធិមនុស្សរបស់ UN បានបន្ថែមថា ជាសរុប មនុស្សយ៉ាងហោចណាស់ ៩០១នាក់ ត្រូវបានប្រហារជីវិតដោយការព្យួរក កាលពីឆ្នាំមុន នៅក្នុងសាធារណរដ្ឋឥស្លាមមួយនេះ បើធៀបនឹងឆ្នាំ២០២៣ មាន ៨៥៣នាក់។ ចំនួននោះតំណាងឲ្យការកើនឡើងខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ២០១៥ មក ជាពេលដែលមនុស្ស ៩៧២នាក់ ត្រូវបានប្រហារជីវិត៕