ភ្នំពេញ៖ កម្ពុជាបានកំពុងចាប់ផ្តើមធ្វើបច្ចុប្បន្នភាពលើផលិតកម្មវិស័យកសិកម្ម ដើម្បីពង្រីក និងពង្រឹងដល់សហគមន៍កសិកម្មក្នុងស្រុកក្នុងគោលដៅជំរុញការផលិតឲ្យមានភាពរឹងមាំ និងស្របតាមស្តង់ដារអនាម័យ ដើម្បីរក្សានិរន្ត ភាពទីផ្សារ ជាពិសេសការជម្រុញនាំចេញឲ្យបានច្រើន បន្ទាប់ពីកិច្ចព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ចូលជាធរមាន។
លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា លើកឡើងនៅក្នុងពិធីចុះ អនុស្សរណៈយោគយល់គ្នារវាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០២១ នេះថា រាជរដ្ឋាភិបាលបានកំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យកសិកម្ម បច្ចុប្បន្នវិស័យនេះ បានងើបឡើងជាបណ្តើរៗ ជាក់ស្តែងកសិផលនៅក្នុងវិស័យកសិកម្ម បានកំពុងនាំចេញដោយមានកំណើនល្អ, នឹងកាន់តែប្រសើរថែមទៀត បន្ទាប់ពីចុះកិច្ចព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ បាន ចូលជាធរមាន។
ដោយឡែកតាមការចុះអនុស្សារណៈយោគយល់គ្នាជាមួយ វេទិការសម្ព័ន្ធសង្គមស៊ីវិលនេះវិញ ក៏ជាករជំរុញលើក កម្ពស់ការអភិវឌ្ឍន៍របស់សហគមន៍កសិកម្ម និងសហភាពសមាគមកសិកម្មនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។
លោកឧកញ៉ា បន្តថា សម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា បានកំពុងជំរុញពង្រីក និងពង្រឹងដល់សហគមន៍នៅតាមបណ្តាខេត្តនានា ស្ថិតក្រោមគម្រោង គាំទ្ររបស់អាល្លឺម៉ង់ (DGRV) នឹងបានកំពុងបង្កើតសហភាពជួយដល់សហគមន៍បន្ថែម ដើម្បីឲ្យពួកគាត់មានភាព រឹងមាំ ក្នុងការផលិត និងអនុវត្តផលិតកម្មឲ្យស្របតាមស្តង់ដារទីផ្សារ ក្នុងគោលដៅរក្សានិរន្តភាពទីផ្សារ និងការរក្សា ដល់ការដាំដុះនៅក្នុងសហគមន៍ ជាពិសេសឆ្លើយតបលើទីផ្សារនាំចេញ ស្របពេលរាជរដ្ឋាភិបាលបាន ចុះកិច្ចព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េ ដែលនឹងបានចូលជាធរមាន នាពេលខាងមុខនេះ។
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ វេទិកា សម្ព័ន្ធ សង្គមស៊ីវិល (វ.ស.ស) លើកឡើងថា អង្គការសង្គម ស៊ីវិលមិត្តចិន បានបង្ហាញនូវសុឆន្ទៈ ក្នុងការពង្រឹង ជាមួយអង្គការសង្គមស៊ីវិលកម្ពុជា ក្រៅពីនេះ ក៏បានកំពុងស្វែង រកអង្គការសង្គមស៊ីវិល ដែលមានបេសកម្មក្នុង វិស័យកសិកម្ម ដើម្បីជម្រុញកិច្ច សហការជួយដល់សហគមន៍ កសិកម្ម កម្ពុជា ក្នុងគោលដៅលើកកម្ពស់ផលិតកម្ម កសិកម្ម ការប្រកួតប្រជែង និងទីផ្សារនាំចេញ។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន រយៈពេល ៩ ខែ ដើមឆ្នាំ ២០២១ សរុបមានទំហំទឹកប្រាក់ ប្រមាណជិត ៨ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងប្រមាណជាង ៣៨ភាគរយ ខណៈដែលពាណិជ្ជកម្ម នៃការនាំចេញ បានហក់ឡើងខ្ពស់ក្នុងរង្វង់ ជាង ៥២ភាគរយ។
ទាក់ទងវិស័យកសិកម្មនេះដែរ កម្ពុជាបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រាទាប ១,១% ក្នុងឆ្នាំ២០២២ ដោយសារការរំពឹងទុកនៃការបន្តកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ, ក្នុងនោះ អនុវិស័យដំណាំត្រូវបានរំពឹងថានឹងនៅបន្តកំណើនល្អប្រសើរ នៃការនាំចេញផលិតផលកសិកម្ម ជាពិសេសដំណាំរួមផ្សំ និងឧស្សាហកម្មដែលនឹងបន្តជំរុញ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួបផ្សំជាមួយនឹងការបង្កើនការវិនិយោគ របស់រាជរដ្ឋាភិបាល ជាពិសេសការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី