ករណីស្លាប់មនុស្សដំបូងដោយសារជំងឺគ្រុនផ្តាសាយបក្សីនៅសហរដ្ឋអាមេរិក បានជំរុញការអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់ការគំរាមកំហែងជំងឺរាតត្បាតមួយផ្សេងទៀត ជាពិសេសមុនពេលការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមាន។

អ្នកជំនាញសុខភាព នៅទូទាំងពិភពលោក បាននឹងកំពុងជំរុញឱ្យអាជ្ញាធរសហរដ្ឋអាមេរិក បង្កើនការតាមដាន និងចែករំលែកព័ត៌មានបន្ថែមអំពីការផ្ទុះឡើងជំងឺផ្តាសាយបក្សី បន្ទាប់ពីវីរុស បានចាប់ផ្តើមរាលដាល ក្នុងចំណោមសត្វគោចិញ្ចឹមយកទឹកដោះ។
កាលពីថ្ងៃច័ន្ទ ទី៦ ខែមករា អាជ្ញាធរសុខាភិបាលរដ្ឋ Louisiana បានរាយការណ៍ថា អ្នកជំងឺម្នាក់ មានអាយុជាង៦០ឆ្នាំ គឺជាមនុស្សដំបូងរបស់ប្រទេស ដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី។
អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក បាននិយាយថា អ្នកជំងឺ បានឆ្លងជំងឺគ្រុនផ្តាសាយបក្សី បន្ទាប់ពីបានប៉ះពាល់សត្វស្លាបដែលបាននឆ្លងវីរុស។

អង្គការសុខភាពពិភពលោក បានអះអាងថា ហានិភ័យនៃជំងឺផ្តាសាយបក្សី ចំពោះប្រជាជនទូទៅ មានកម្រិតទាប ហើយពុំមានភស្តុតាងណាមួយដែលបង្ហាញថាវាត្រូវបានចម្លងរវាងមនុស្ស នោះទេ។
ទោះបីជាយ៉ាង អ្នកជំនាញផ្នែកសុខភាព បានចេញការព្រមានអំពីការគំរាមកំហែងពីការរាតត្បាតជំងឺផ្តាសាយបក្សី ជាពិសេសខណៈជំងឺ បានបង្ហាញសញ្ញានៃការផ្លាស់ប្តូរស្ថានភាព សម្រាប់ថនិកសត្វ ទៅជាទម្រង់ដែលអាចរាលដាលកាន់តែងាយស្រួល ក្នុងចំណោមមនុស្ស។