មន្ត្រីរបស់អារ៉ាប់រួមមួយរូបបានប្រាប់ទូរទស្សន៍ CNN ថា អារ៉ាប់រួមបាននឹងកំពុងពិភាក្សាអំពីលទ្ធភាពនៃការដើរតួនាទីក្នុងកិច្ចខិតខំប្រឹងប្រែងក្រោយសង្គ្រាមដើម្បីកសាងតំបន់ហ្កាហ្សាឡើងវិញ ប៉ុន្តែលក្ខខណ្ឌសម្រាប់ធ្វើដូច្នេះពុំទាន់ត្រូវបានសម្រេចនៅឡើយទេ ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានហៅ អារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសដទៃទៀតថាជាដៃគូដ៏មានសំខាន់ក្នុងការជួយគ្រប់គ្រងដែនដីនេះបន្ទាប់ពីសង្គ្រាម ប៉ុន្តែអារ៉ាប់រួម ធ្លាប់បាននិយាយកាលពីកន្លងទៅថា ខ្លួននឹងបដិសេធមិនទទួលយកផែនការណាមួយដែលមានបំណងផ្តល់ការគ្របដណ្តប់សម្រាប់វត្តមានរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាឡើយ។

មន្ត្រីរបស់អារ៉ាប់រួមបានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ខណៈមានការសន្ទនាក្រៅផ្លូវការជាច្រើនបានកើតឡើង ភាគីពាក់ព័ន្ធមិនបានស្របតាមបុរេលក្ខខណ្ឌរបស់អារ៉ាប់រួម សម្រាប់ការចូលរួមរបស់ខ្លួននៅក្នុងកិច្ចខិតខំប្រឹងប្រែងក្រោយសង្គ្រាមណាមួយនៅក្នុងដែនដីហ្កាហ្សា។

មន្ត្រីរូបនេះបានឆ្លើយតបទៅនឹងរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការពិភាក្សានៅពីក្រោយឆាករវាងអារ៉ាប់រួម អ៊ីស្រាអែល និងសហរដ្ឋអាមេរិក រួមមានលទ្ធភាពរបស់អារ៉ាប់រួម សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដែលកំពុងត្រួតពិនិត្យជាបណ្តោះអាសន្ននូវអភិបាលកិច្ច សន្តិសុខ និងការកសាងតំបន់ហ្កាហ្សាឡើងវិញបន្ទាប់ពីសង្គ្រាម។
មន្ត្រីអារ៉ាប់រួមខាងលើបាននិយាយថា បុរេលក្ខខណ្ឌរបស់ខ្លួន រួមទាំងការអញ្ជើញជាផ្លូវការពីនាយករដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីនឯករាជ្យ (PA) ថ្មី ដែលអាចទុកចិត្តបាន និងឯករាជ្យ ដំណើរការកំណែទម្រង់ដ៏ជាក់លាក់ នៅក្នុងអាជ្ញាធរប៉ាឡេស្ទីន ការប្តេជ្ញាចិត្តច្បាស់លាស់ចំពោះដំណោះស្រាយរដ្ឋពីរពីសំណាក់អ៊ីស្រាអែល និងតួនាទីដឹកនាំច្បាស់លាស់ដោយសហរដ្ឋអាមេរិក៕