ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា គិតចាប់ពីថ្ងៃទី១ រហូតមកដល់ត្រឹមរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ មានការចូលរួមគាំទ្រពីសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ចំនួនប្រមាណ ៣,៦០០ នាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបចំនួន ៩១៣,៦៩៦ ដុល្លារអាម៉េរិក។
យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រហូតមកទល់ពេលនេះ តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត គឺមានសប្បុរសជនទីជិត ទីឆ្ងាយ បានចូលរួមគាំទ្រយ៉ាងច្រើនកុះករក្នុងការបរិច្ចាគជាថវិកា ដើម្បីរួមគ្នានាំភាពញញឹម និងជូនពរទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ជាពិសេស ដើម្បីរួមគ្នាបន្តរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ជា។
ទាក់ទិនការចូលរួមគាំទ្រខាងលើនេះ ប្រជាពលរដ្ឋរស់នៅតំបន់ផ្សេងៗគ្នា ដែលបានទទួលសេវាពិនិត្យព្យាបាលកូន និងចៅៗ នៅមន្ទីរពេទ្យកុមារគន្ធបុប្ជា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះសប្បុរសជននានា ទាំងទីជិត ទីឆ្ងាយ និងនៅក្រៅប្រទេសផងដែរ ដែលបានរួមគ្នាជួយដល់ក្មេងៗ ជាពិសេសគឺជួយដល់ជនខ្វះខាត និងទីទាល់ ដែលគ្មានលទ្ធភាពក្នុងការព្យាបាលកូននៅពេលមានបញ្ហាសុខភាព។
ក្រុមប្រជាពលរដ្ឋ បានលើកឡើងស្រដៀងគ្នាថា រាល់ថ្ងៃនេះ បើគ្មានមន្ទីរពេទ្យកុមារគន្ធបុប្ជាទេ នោះកុមារពិសេសក្មេងៗមកគ្រួសារក្រីក្រ ក៏គ្មានសង្ឃឹមក្នុងការរស់នៅដែរ ដោយសារមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពិនិត្យ និងព្យាបាលសុខភាព ខណៈជីវភាពមានខ្វះខាត។
សូមជម្រាបថា តាមរយៈសារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី











