មេដឹកនាំកសិករវ័យ ៧០ឆ្នាំម្នាក់ នៅក្នុងប្រទេសឥណ្ឌា បានធ្វើកូដកម្មអត់អាហារអស់រយៈពេលជាង ៤០ថ្ងៃ ក្នុងគោលបំណងជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធ ទទួលយកការទាមទាររបស់កសិករជាច្រើនដែលកំពុងតវ៉ាប្រឆាំងតម្លៃកសិផលថោក។

វេជ្ជបណ្ឌិតបាននិយាយថា សុខភាពរបស់មេដឹកនាំកសិករតវ៉ា ឈ្មោះ ចាកជីត ស៊ីញ ដាឡេវ៉ាល់ (Jagjit Singh Dallewal) កាន់តែយ៉ាប់យ៉ឺន ហើយថាលោក "មិនអាចនិយាយបានទេ" ប៉ុន្តែលោក និងអ្នកគាំទ្រ បន្តបដិសេធមិនទទួលជំនួយផ្នែកវេជ្ជសាស្រ្តឡើយ រហូតមកដល់ពេលនេះ។

កាលពីខែមុន តុលាការកំពូលរបស់ឥណ្ឌា បានបញ្ជាឱ្យរដ្ឋាភិបាលនៃរដ្ឋ Punjab ជាទីដែលលោក Dallewal កំពុងតវ៉ា បញ្ជូនលោកទៅមន្ទីរពេទ្យ ហើយថាតុលាការបាននឹងកំពុងបើកសវនាការលើញត្តិពាក់ព័ន្ធនឹងការតវ៉ានេះ។
កូដកម្មអត់អាហាររបស់លោក Dallewal គឺជាផ្នែកមួយនៃការតវ៉ាដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំមុន នៅពេលកសិកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅព្រំដែនរវាងរដ្ឋ Punjab និងរដ្ឋ Haryana។ ការទាមទាររបស់ពួកគេរួមមាន ការធានាតម្លៃលើកសិផល ការលើកលែងប្រាក់កម្ចី និងសំណងសម្រាប់ក្រុមគ្រួសារកសិករដែលបានស្លាប់ក្នុងអំឡុងពេលការតវ៉ាកាលពីមុន។

ចាប់តាំងពីពេលនោះមក ពួកគេបានព្យាយាមដើរក្បួនបាតុកម្មទៅកាន់រដ្ឋធានី ដេលី ប៉ុន្តែត្រូវបានបញ្ឈប់នៅព្រំដែនដោយកងកម្លាំងសន្តិសុខ។ នេះមិនមែនជាលើកទីមួយទេ ដែលកសិករឥណ្ឌា ចេញតវ៉ាទ្រង់ទ្រាយធំដើម្បីសម្ដែងប្រាប់ពីបញ្ហារបស់ពួកគេ៕