លោក Nicolas Maduro នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃសុក្រ ទី១០ ខែមករា បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស ដែលបានធ្វើឲ្យមានការរិះគន់ទាំងក្នុងស្រុក និងអន្តរជាតិ។

លោក Maduro និងគូប្រជែងគណបក្សប្រឆាំងរបស់លោក គឺលោក Edmundo Gonzalez ម្នាក់ៗបានអះអាងជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែកក្កដា បន្ទាប់ពីការបោះឆ្នោត មួយ ដែលមានការចោទប្រកាន់ច្រើនពីយុទ្ធសាស្ត្រក្លែងបន្លំ និងឧបទ្ទវហេតុហិង្សា។
អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេស បាននិយាយថា លោក Maduro បានទទួលជ័យជម្នះអាណត្តិទី៣ ដោយទទួលបានសំឡេង៥២% ទោះបីជាការស្ទង់មតិនៅខាងក្រៅជាច្រើន បង្ហាញពីជ័យជម្នះរបស់គណបក្សប្រឆាំង ក៏ដោយ។
ស្ថាប័នរៀបចំការបោះឆ្នោត បាននិយាយថា បេក្ខជនគណបក្សប្រឆាំង លោក Gonzalez ទទួលបានសំឡេងគាំទ្រ៤៤% ប៉ុន្តែមេដឹកនាំបក្សប្រឆាំង បានច្រានចោលលទ្ធផលនេះ ដោយចាត់ទុកការបោះឆ្នោតនេះថាជាការក្លែងបន្លំ ហើយពួកគេអះអាងថា លោក Gonzalez Urrutia ទទួលបាន៦៧% ខណៈ លោក Maduro ទទួលបានតែ ៣០% នៃសំឡេងឆ្នោត។
លោក Nicolas Maduro បានក្លាយជាប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣ បីថ្ងៃបន្ទាប់ពីមរណៈភាពរបស់ប្រធានាធិបតី លោក Hugo Chavez ដោយសារជំងឺមហារីក ហើយ១១ឆ្នាំក្រោយមក លោកស្វែងរកការបោះឆ្នោតឡើងវិញសម្រាប់អាណត្តិទីបី នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។