គណបក្សកាន់អំណាច និងគណបក្សប្រឆាំងរបស់ប្រទេសកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ (០៧ មករា) ក្នុងការបង្កើតក្រុមការងារសភារួមគ្នាមួយ ដើម្បីស៊ើបអង្កេតការធ្លាក់យន្តហោះ Jeju Air នាពេលថ្មីៗនេះ ដែលបានបណ្តាលឱ្យមនុស្ស ១៧៩នាក់ស្លាប់ ទោះបីជាកំពុងប៉ះទង្គិចផ្នែកនយោបាយក៏ដោយ។

គួររម្លឹកថា យន្តហោះ Boeing 737-800 បានកំពុងហោះហើរពីប្រទេសថៃ ទៅកាន់ទីក្រុង Muan របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយដឹកអ្នកដំណើរ និងបុគ្គលិកចំនួន ១៨១នាក់ នៅពេលចុះចតបន្ទាន់នៅអាកាសយានដ្ឋានកូរ៉េខាងត្បូង ហើយបានធ្លាក់ពីផ្លូវរត់ទៅបុករបាំងបេតុង រួចក៏ឆេះ។

ដោយមូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះនៅមិនទាន់ដឹងនៅឡើយ ការបង្កើតក្រុមការងាររួមមួយនេះ បានកើតឡើងបន្ទាប់ពីមានភាពចលាចលនយោបាយជាច្រើនសប្តាហ៍ ដែលចាប់ផ្តើមនៅពេលលោកប្រធានាធិបតី Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីនៅក្នុងខែធ្នូ ដែលនាំឱ្យបក្សដែលជាគូប្រជែងទាំងពីរមានភាពរកាំរកូសកាន់តែខ្លាំង។
ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅតែកំពុងរកមូលហេតុនៃការធ្លាក់យន្តហោះ Jeju Air ដែលបានជំរុញឱ្យមានការកាន់ទុក្ខជាតិ ជាមួយនឹងពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធបានធ្វើឡើងនៅទូទាំងប្រទេស។ ក្រុមស៊ើបអង្កេត បានចង្អុលទៅការបុកហ្វូងបក្សី ការខូចឧបករណ៍ចុះចត និងរបាំងនៅចុងផ្លូវរត់ ជាបញ្ហាដែលអាចកើតមាន ប៉ុន្តែមូលហេតុពិតប្រាកដនៅតែមិនទាន់ដឹងនៅឡើយ៕