ទំនាក់ទំនងរវាងឥណ្ឌា និងចិន ហាក់ប្រសើរឡើង បន្ទាប់ពីជម្លោះព្រំដែនជាច្រើនឆ្នាំ ប៉ុន្តែគម្រោងសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោកនៅតំបន់ទីបេ លើទន្លេ Yarlung Zangbo បានបង្កឱ្យមានក្ដីបារម្ភឡើងវិញថា ទំនប់ទឹកនោះអាចក្លាយជាចំណុចក្ដៅគគុកបន្ទាប់ក្នុងទំនាក់ទំនងទ្វេភាគី។

ឥណ្ឌា បានជំរុញចិន ឱ្យមានតម្លាភាព និងពិគ្រោះយោបល់លើផែនការរបស់ខ្លួនក្នុងការសាងសង់ទំនប់វារីអគ្គីសនីនៅតំបន់ទំនាបនៃទន្លេ ដែលហូរទៅភាគខាងត្បូងចូលក្នុងទឹកដីឥណ្ឌា។ ទន្លេនោះហូរចូលតាមរដ្ឋ Arunachal Pradesh ភាគឦសាននៃប្រទេសឥណ្ឌា ដែលចិន ទាមទារទាំងស្រុងថាជាទឹកដីរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍កាលពីថ្ងៃទី២៥ ខែធ្នូ ថា រដ្ឋាភិបាលចិន បានអនុម័តការសាងសង់ទំនប់ ដែល "រំពឹងថានឹងលើកកម្ពស់ជីវភាពរស់នៅ និងវិបុលភាពរបស់ប្រជាជនក្នុងតំបន់ទីបេ"។

ប៉ុន្តែនៅក្នុងប្រទេសឥណ្ឌា ការមិនទុកចិត្តនៅតែកើតមានចំពោះចេតនារបស់ចិន ដោយមានការជជែកវែកញែកថា តើទីក្រុងប៉េកាំង អាចនឹងប្រើទំនប់វារីអគ្គិសនីនោះដើម្បីពន្លិចតំបន់ព្រំដែន ឬទេ ប្រសិនបើមានជម្លោះព្រំដែនផ្ទុះឡើង ហើយថា តើលំហូរទឹកនោះនឹងជះផលប៉ះពាល់ដល់ទន្លេ ឬក៏អត់ ជាទីដែលមនុស្សរាប់លាននាក់ពឹងផ្អែកសម្រាប់កសិកម្ម នេសាទ និងប្រើប្រាស់ ទាំងនៅឥណ្ឌា និងបង់ក្លាដែស៕