សេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Meta ដែលថាខ្លួនកំពុងបញ្ចប់កម្មវិធីត្រួតពិនិត្យការពិតនៅសហរដ្ឋអាមេរិក បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងនៅថ្ងៃអង្គារ (០៧ មករា) ពីក្រុមអ្នកស្រាវជ្រាវព័ត៌មានមិនពិត ដែលបានព្រមានថា ជំហាននេះប្រថុយនឹងការបើកដៃឱ្យមានព័ត៌មានមិនពិតទូទាំងប្រទេស។

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសថា ក្រុមហ៊ុននឹង "បញ្ចប់" មុខងារត្រួតពិនិត្យការពិត (Fact-check) ភាគីទីបីរបស់ខ្លួននៅសហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូរគោលការណ៍ដ៏ធំទូលាយមួយ ដែលអ្នកវិភាគមើលឃើញថា ជាការប៉ុនប៉ងផ្គាប់ចិត្តប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump។

លោក Ross Burley សហស្ថាបនិកនៃអង្គការមិនរកប្រាក់ចំណេញ សម្រាប់ភាពធន់នឹងព័ត៌មាន បាននិយាយថា "នោះជាជំហានថយក្រោយដ៏សំខាន់មួយ សម្រាប់ការសម្របសម្រួលមាតិកាអនឡាញ ក្នុងពេលព័ត៌មានមិនពិត និងខ្លឹមសារដែលបង្កគ្រោះថ្នាក់ កំពុងវិវត្តលឿនខ្លាំងជាងពេលណាៗទាំងអស់"។
ការត្រួតពិនិត្យការពិត និងការស្រាវជ្រាវព័ត៌មានមិនពិត គឺជាបញ្ហាដ៏ក្តៅគគុកយូរមកហើយនៅក្នុងបរិបទនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ដោយក្រុមអ្នកតស៊ូមតិជាច្រើននិយាយថា ដំណើរការពិនិត្យនោះជាជំហានមួយដើម្បីបង្អាក់ការបញ្ចេញមតិដោយសេរី និងត្រួតពិនិត្យខ្លឹមសារនៃក្រុមស្តាំនិយម៕