មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិមួយរូបបានព្រមានជាថ្មីថា កិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារក្នុងការផ្គត់ផ្គង់ជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា ដែលហែកហួរដោយសង្រ្គាម កំពុងស្ថិតក្នុង “ឧបសគ្គដ៏ធំ”។

ប្រធានទីភ្នាក់ងារមនុស្សធម៌ OCHA លោក Tom Fletcher បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទ (០៦ មករា) ថា ការផ្តល់ជំនួយនានានៅក្នុងតំបន់ហ្កាហ្សា កំពុងប្រឈមមុខនឹងបញ្ហាកាន់តែច្រើនឡើង នៅពេលកងកម្លាំងអ៊ីស្រាអែល បន្តវាយប្រហារលើបុគ្គលិកសង្គ្រោះ ហើយស្របពេលនៃភាពគ្មានច្បាប់ និងសណ្តាប់ធ្នាប់នៅក្នុងតំបន់ហ៊ុមព័ទ្ធ រួមជាមួយនឹងការគំរាមកំហែងពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។

លោក Tom លើកឡើងថា "ការពិតក្នុងពេលនេះគឺថា ទោះបីជាយើងប្តេជ្ញាចិត្តក្នុងការផ្តល់អាហារ ទឹក និងឱសថដល់អ្នកស្រុកក៏ដោយ ក៏ប្រតិបត្តិការរបស់យើងក្នុងការជួយសង្គ្រោះជីវិតគឺស្ថិតក្នុងការលំបាក ទប់ទល់លែងបាន"។

ជាមួយគ្នានេះ ទីភ្នាក់ងារ OCHA ក៏សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ បន្ទាប់ពីទារកម្នាក់ទៀតបានរងាដល់ស្លាប់នៅហ្កាហ្សា កាលពីថ្ងៃចន្ទ ដោយសារអាកាសធាតុត្រជាក់ខ្លាំង។ ទីភ្នាក់ងារ UN នេះប៉ាន់ប្រមាណថា ប្រជាជនប្រហែល ១,៦លាននាក់ នៅដែនដីហ្កាហ្សា កំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្ន ដែលមិនការពារពួកគេពីភាពត្រជាក់នៃរដូវរងាឡើយ ដោយមនុស្សជិតកន្លះលាននាក់ កំពុងនៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់៕