លោក John Dramani Mahama បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីប្រទេសហ្គាណា កាលពីថ្ងៃអង្គារទី៧ ខែមករា ក្នុងពិធីមួយនៅរដ្ឋធានី Accra ដោយលោកបានសន្យាថានឹងជម្នះលើការមិនសប្បាយចិត្តជាសាធារណៈ ដោយការជំរុញសេដ្ឋកិច្ច និងបង្កើតការងារ ដែលត្រូវការច្រើន។

មេដឹកនាំប្រឆាំង មានអាយុ៦៦ឆ្នាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៧ ខែធ្នូ ដោយការនាំមុខខ្ពស់ ធ្វើឲ្យលោកត្រឡប់មកវិញផ្នែកនយោបាយនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ជាប្រទេសផលិតកាកាវលំដាប់ទី២ របស់ពិភពលោក។

លោកបានចូលជំនួសតំណែង លោក Nana Akufo-Addo ដែលលាចេញពីដំណែងបន្ទាប់ពីបានបម្រើការពីរអាណត្តិ ដោយបន្តប្រពៃណីលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសហ្គាណានៅក្នុងតំបន់មួយដែលរួមរឹតដោយរដ្ឋប្រហារយោធា និងការបះបោររបស់ក្រុមជីហាដ។
ប្រធានាធិបតី និងប្រមុខរដ្ឋជាង២០រូប មកពីជុំវិញពិភពលោក បានចូលរួមពិធីនេះនៅទីលានឯករាជ្យទីក្រុង Accra ជាកន្លែងនៃរៀបចំពិធីឡើងកាន់តំណែងប្រធានាធិបតីហ្គាណា ចាប់តាំងពី លោក ក្វាមី គ្រូម៉ា (Kwame Nkrumah) បានស្បថចូលកាន់តំណែង ក្នុងរយៈពេលជាង៦ទសវត្សរ៍កន្លងទៅនេះ។