វេទិកាពាណិជ្ជកម្មមួយ នៅថ្ងៃពុធ (ទី៨ ខែមករា) នេះ បានឲ្យដឹងថា ជិត ១ភាគ៤ នៃប្រជាជន នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលបានបង្ហោះសារជូនពរឆ្នាំថ្មីរបស់ពួកគេ តាមប្រព័ន្ធអ៊ិនធឺណិត បានលើកឡើងពីក្តីសង្ឃឹម ក្នុងការមាន «ជីវិតប្រចាំថ្ងៃប្រកបដោយសន្តិភាព» ខណៈដែលភាពចលាចលផ្នែកនយោបាយ ដោយសារច្បាប់អាជ្ញាសឹកថ្មីៗនេះ និងកូដកម្មរបស់ក្រុមគ្រូពេទ្យដែលអូសបន្លាយពេលយ៉ាងយូរ នៅតែបន្តផ្ដល់ភាពតានតឹងដល់អ្នកស្រុក។
នៅចន្លោះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ កម្មវិធីទីផ្សារការ៉ុត ដែលជាវេទិកាពាណិជ្ជកម្មអនឡាញដ៏ពេញនិយម សម្រាប់ទំនិញមួយទឹក បានសុំឲ្យអ្នកប្រើប្រាស់បង្ហោះនូវអ្វីដែលពួកគេប្រាថ្នាចង់បាន នៅឆ្នាំ២០២៥។ ចម្លើយដែលពេញនិយមបំផុត គឺ «សុខភាព» ដោយត្រូវបានជ្រើសរើស ៤៥,៥ភាគរយពីអ្នកឆ្លើយតប។ ចំនួននោះតាមពីក្រោយដោយក្ដីប្រាថ្នាសុំមាន «ជីវិតប្រចាំថ្ងៃប្រកបដោយសន្តិភាព» ២៤,២ភាគរយ និង «សុភមង្គល» ២៣,៥ភាគរយ។
ហើយមន្ត្រីម្នាក់មកពីវេទិកានេះ ត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា៖ «ជាពិសេស មានអ្នកប្រើប្រាស់ជាច្រើន ចង់ឲ្យអ្វីៗត្រឡប់ទៅប្រក្រតីវិញ នៅឆ្នាំនេះ ខណៈដែលពួកគេបានបញ្ចប់នូវឆ្នាំមួយដែលជួបប្រទះនឹងបញ្ហាជាបន្តបន្ទាប់»។
គួរបញ្ជាក់ថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ កូរ៉េខាងត្បូងបានធ្លាក់ចូលទៅក្នុងភាពចលាចលផ្នែកនយោបាយ បន្ទាប់ពីមានការប្រកាសច្បាប់អាជ្ញាសឹកពេញដោយភាពចម្រូងចម្រាសរបស់ប្រធានាធិបតី លោក Yoon Suk Yeol កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ រូបលោកកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទការបះបោរ និងការចោទប្រកាន់ពីបទរំលោភអំណាចដែលទាក់ទងនឹងការបញ្ជាដោយខុសច្បាប់ ចំពោះមេបញ្ជាការយោធារបស់លោក អំឡុងពេលមានច្បាប់អាជ្ញាសឹកនេះ៕