មន្ត្រីសុខាភិបាលហ្កាហ្សា បាននិយាយថា រលកនៃការវាយប្រហាររបស់អ៊ីស្រាអែល បានវាយប្រហារតំបន់ សង្កាត់ភាគខាងត្បូងនៃទីក្រុង Khan Yunis កាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ក្នុងនោះ ៧នាក់ ជាកុមារ។
យ៉ាងហោចណាស់មានការវាយប្រហារចំនួន ៥លើក បានកំណត់គោលដៅលើផ្នែកខ្លះនៃទីក្រុង Khan Yunis រួមទាំងផ្នែមួយ នៅក្នុងតំបន់ Al-Mawasi ជាកន្លែងដែលជនភៀសខ្លួនប៉ាឡេស្ទីនរាប់ពាន់នាក់ កំពុងរស់នៅ ក្នុងតង់នៅតាមឆ្នេរសមុទ្រ។
ក្រសួងសុខាភិបាលនៃដែនដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍ថា កុមារ ៤នាក់ ត្រូវបានសម្លាប់ នៅពេលដែលការវាយប្រហារដោយយានដ្រូន បានត្រូវចំតង់របស់ពួកគេ នៅក្នុងតំបន់ Al-Mawasi។
សាក្សីម្នាក់ បានប្រាប់សារព័ត៌មាន AFP ថា តង់ជាច្រើន បានឆេះ ដោយសារការវាយប្រហារ ដែលបានបង្ក ឲ្យមនុស្សជាង ២០នាក់ រងរបួសផងដែរ។
ទីភ្នាក់ងារការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា បាននិយាយថា មនុស្ស ៥នាក់ រួមទាំងកុមារ ៣នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយប្រហារលើផ្ទះមួយខ្នង នៅក្នុងទីក្រុង Khan Yunis ។
មនុស្ស ២នាក់ បានស្លាប់ នៅពេលដែលការវាយប្រហារ បានត្រូវរថយន្តមួយគ្រឿ នៅក្នុងទីក្រុង Khan Yunis ខណៈពីរនាក់ទៀត បានស្លាប់ នៅពេលដែលផ្ទះល្វែងមួយ ត្រូវបានវាយប្រហារ។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីយោធាអំពីការវាយប្រហារចុងក្រោយនេះទេ។
ការវាយប្រហារទាំងនោះ បានកើតឡើង ខណៈដែលអ្នកសម្រុះសម្រួលកាតា អេហ្ស៊ីប និងសហរដ្ឋអាមេ រិក បានចរចាគ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅទីក្រុងដូហា លើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សា និងធានាការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល។