រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសហ្ស៊កដានី និងស៊ីរី បានព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួមគ្នាមួយ ដើម្បីការពារព្រំដែនរបស់ពួកគេ ប្រយុទ្ធនឹងការរត់ពន្ធអាវុធ និងគ្រឿងញៀន និងធ្វើការ ដើម្បីទប់ស្កាត់ការងើបឡើងវិញនៃក្រុមរដ្ឋឥស្លាមដេស (Daesh)។
មន្ត្រីប្រឆាំងគ្រឿងញៀនលោកខាងលិច និយាយថា សារធាតុជំនួយកម្លាំងប្រភេទអាំហ្វេតាមីនដែលធ្វើឲ្យញឿន ដែលត្រូវបានគេស្គាល់ថា captagon កំពុងត្រូវបានផលិតយ៉ាងច្រើន នៅក្នុងប្រទេសស៊ីរី ហើយថា ហ្ស៊កដានី គឺជាផ្លូវឆ្លងកាត់ទៅកាន់រដ្ឋឈូងសមុទ្រ។
កងទ័ពរបស់ហ្ស៊កដានី បានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីឆ្នាំ ២០២៣ ដែលមន្ត្រីហ្ស៊កដានីនិយាយថា ក្រុមជីវពលជាគោលដៅ ដែលត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងទៅនឹងការជួញដូរគ្រឿងញៀន និងទីកន្លែងរបស់កងជីវពល។
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safari បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី Asaad Hassan Al-Shibani ថា៖«យើងបានពិភាក្សាអំពីការធានាព្រំដែន ជាពិសេសការគំរាមកំហែងនៃការរត់ពន្ធអាវុធ និងគ្រឿងញៀន និងការកើតឡើងវិញនៃក្រុមរដ្ឋឥស្លាម។ សន្តិសុខរបស់យើង គឺតែមួយ យើងនឹងសម្របសម្រួលរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមទាំងនេះ ទៅវិញទៅមក»។