រដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រីពីថ្ងៃអង្គារ បានរិះគន់រដ្ឋបាលដែលជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក និងឯកអគ្គរដ្ឋទូតរបស់ខ្លួនកាល ជុំវិញការដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីហុងគ្រីដែលទទួលបន្ទុកការិយាល័យខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក Antal Rogan ។
កាលពីព្រឹកថ្ងៃអង្គារ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសថា លោក Rogan ត្រូវរងដាក់ទណ្ឌកម្មក្រោមច្បាប់ស្តីពីគណនេយ្យភាពសិទ្ធិមនុស្សសកល Magnitsky ពីបទជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ។
លោក Rogan ត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់តួនាទីរបស់លោកខុស ដើម្បីផលប្រយោជន៍បុគ្គលដែលមានទំនាក់ទំនងនយោបាយ និងរៀបចំផែនការ ដើម្បីគ្រប់គ្រងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងនយោបាយ។
ទោះជាយ៉ាងណាក៏ដោយ លោក Peter Szijjarto ក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីបានឆ្លើយតបនៅលើគេហទំព័រហ្វេសប៊ុកថា៖«នេះគឺជាការសងសឹកផ្ទាល់ខ្លួនរបស់ឯកអគ្គរដ្ឋទូតដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសហុងគ្រី ដោយរដ្ឋបាលអាមេរិកដែលបានបរាជ័យ ដែលកំពុងចាកចេញពីប្រទេសរបស់យើងដោយមិនបានជោគជ័យ និងដោយអាម៉ាស់»។
លោក Szijjarto បានបន្ថែមថា នៅប៉ុន្មានថ្ងៃទៀត សហរដ្ឋអាមេរិក «នឹងត្រូវបានដឹកនាំដោយមនុស្សដែលមើលឃើញប្រទេសរបស់យើងជាមិត្ត មិនមែនជាសត្រូវ»។
លោក Gergely Gulyas ប្រធានខុទ្ទការល័យនាយករដ្ឋមន្ត្រី បានលើកឡើងវិញនូវការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេស ដោយពណ៌នាការដាក់ទណ្ឌកម្មនេះថា ជា «ការសងសឹកតិចតួច» ដោយរដ្ឋបាលប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកដែលជិតផុតអាណត្តិហើយនោះ។