នាយករដ្ឋមន្រ្តី លោក Justin Trudeau កាលពីថ្ងៃអង្គារ (ទី៧ ខែមករា) បាននិយាយថា មិនមាន «ឱកាសសោះតែម្ដង» ដែលកាណាដានឹងត្រូវរួមបញ្ចូលជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលរដ្ឋមន្ត្រីការបរទេសរបស់លោក បានបន្ថែមថា ប្រទេសនេះនឹងមិន «ចុះញ៉ម» ចំពោះការគំរាមកំហែងពីលោក Donald Trump នោះឡើយ។
ការអត្ថាធិប្បាយរបស់លោក Trudeau និងរដ្ឋមន្ត្រីការបរទេស លោកស្រី Melanie Joly បានកើតឡើងបន្ទាប់ពីមាននូវសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក នៅឯសន្និសីទសារព័ត៌មាន ស្តីពីការប្រើប្រាស់ «កម្លាំងសេដ្ឋកិច្ច» ដែលស្វែងរកផែនការមិនទំនងកើតមាន ដើម្បីឲ្យកាណាដារួមបញ្ចូលជាមួយសហរដ្ឋអាមេរិក។
ខណៈពេលដែលគូសបញ្ជាក់ផងដែរ អំពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ ទាំងផ្នែកសន្តិសុខ និងពាណិជ្ជកម្ម លោក Trudeau បានបង្ហាញប្រតិកម្មនៅលើបណ្ដាញសង្គម X ថា៖ «មិនមានឱកាសសោះតែម្ដង ដែលកាណាដា នឹងក្លាយជាផ្នែកនៃដែនដីសហរដ្ឋអាមេរិក»។
ទន្ទឹមនឹងនោះ លោកស្រី Joly បានចោទប្រកាន់លោក Trump ថា បានបង្ហាញនូវការលើកឡើងរបស់លោក ដែល «ខ្វះការយល់ដឹង» អំពីប្រទេសកាណាដា។ លោកស្រី បានលើកឡើងថា៖ «សេដ្ឋកិច្ចរបស់យើងរឹងមាំ។ ប្រជាជនរបស់យើងរឹងមាំ។ យើងនឹងមិនចុះញ៉ម នៅចំពោះមុខការកំរាមកំហែងនានាឡើយ»។
លោក Trump បាននិយាយបែបនេះនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី៧ ខែមករា មួយថ្ងៃបន្ទាប់ពីសភាបានបញ្ជាក់ពីជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោត។ លោកធ្លាប់បានប្តេជ្ញាថា នឹងយកពន្ធ ២៥ភាគរយលើការនាំចូលរបស់កាណាដា នៅពេលលោកចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ដែលអាចជាការប៉ះពាល់ធ្ងន់ធ្ងរដល់កាណាដា ខណៈដែលប្រទេសនេះបាននាំចេញ ៧៥ភាគរយទៅកាន់សហរដ្ឋអាមេរិក៕