រត់ប្រណាំង៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាម៉ារ៉ាតុងលើកទី២៦ នៅអង្គរវត្តខេត្តសៀមរាបនឹងរៀបចំឡើងវិញនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ បន្ទាប់ពីព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះបានខកខានរៀបចំផ្ទាល់ ដោយប្ដូរមកជាការរត់ដោយស្ម័គ្រចិត្តខ្លួនឯង ឬ Virtual Run វិញកាលពីឆ្នាំ២០២០ ដោយសារការរីករាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩។

យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ដោយសារស្ថានភាពជំងឺកូវីដ-១៩ កំពុងមានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលក៏កំពុងបើកសេដ្ឋកិច្ចសង្គមបណ្ដើរៗ ជាមួយនឹងការប្រកាសបើកជាផ្លូវការទទួលទេសចរណ៍ចាក់វ៉ាក់សាំង ទើប NOCC បានត្រៀមរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរឡើងវិញ ដែលជាព្រឹត្តិការណ៍គម្រប់លើកទី២៦ នាថ្ងៃទី១៩ ខែធ្នូខាងមុខ។ យ៉ាងណាមិញព្រឹត្តិការណ៍ដែលធ្លាប់មានអ្នកចូលរួមរត់ជាង ១ម៉ឺននាក់នេះនឹងត្រូវរៀបចំតាមគន្លងថ្មីដោយការកាត់បន្ថយនូវកម្មវិធីជាច្រើន ដូចជាកម្មវិធីជប់លៀង កម្មវិធីជួបជុំគ្នា និងកម្មវិធីមិនចាំបាច់មួយចំនួនទៀត ពិសេសគណៈកម្មការរៀបចំត្រូវបានកំណត់ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសស្នាក់នៅកម្ពុជាចំនួនប្រមាណ ២,៥០០នាក់ប៉ុណ្ណោះចូលរួម។ លើសពីនេះ អ្នកចូលរួមរត់ចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់ ធ្វើតេស្ដរហ័សមុនចូលទីលានប្រកួត និងត្រូវរក្សាគម្លាតរត់ ១,៥ម៉ែត្រជាដើម។
ដោយឡែកគណៈកម្មការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងបានឲ្យដឹងថា ការចុះឈ្មោះចូលរួមត្រូវបានបែងចែកជា ២ ទី១-ផ្ដល់អាទិភាពដល់កីឡាករ-កីឡាការិនីដែលបានចុះឈ្មោះរត់ប្រណាំងកាលពីឆ្នាំ២០២០ មកចុះឈ្មោះមុនពីថ្ងៃទី០៤ ដល់ថ្ងៃទី២២ ខែវិច្ឆិកា និងទី២-សម្រាប់កីឡាករ-កីឡាការិនីចុះឈ្មោះថ្មី មានន័យថាមិនបានចុះឈ្មោះចូលរួមកាលពីឆ្នាំ២០២០ ត្រូវទំនាក់ទំនងចុះឈ្មោះពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូតាមរយៈក្រុមហ៊ុន Cambodia Events Organizer។ តាមការបញ្ជាក់បន្ថែមរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពេលនេះគឺបានទទួលការឯកភាពជាគោលការណ៍ពីគណៈប្រចាំការ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឺងជំងឺកូវីដ-១៩ និងកំពុងរង់ចាំការសម្រេចពីរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕