អភិបាលក្រុងស៊ីរីម្នាក់ បានប្រាប់សារព័ត៌មាន AFP ថា លោកមានកិច្ចប្រជុំជាមួយមន្ត្រីអ៊ីស្រាអែល ខណៈដែលយោធា បានធ្វើការលុកលុយ នៅក្នុងភូមិរបស់គាត់ ក្នុងតំបន់ទ្រនាប់ Golan Heights ដោយនិយាយថា ពួកគេបានទាមទារឲ្យអ្នកស្រុកបោះបង់ចោលអាវុធរបស់ពួកគេ។
យោធាអ៊ីស្រាអែល ដែលត្រូវទាក់ទងដោយ AFP បាននិយាយថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយបានទេ។
លោក Mohamed Mreiwel អភិបាលក្រុង Jabata Al-Khashab ក្នុងខេត្ត Quneitra បាននិយាយកាលពីថ្ងៃចន្ទថា លោកបានជួបបីដង ជាមួយមន្ត្រីអ៊ីស្រាអែល ដែលបានសុំជួបលោក។
ក្រុមឃ្លាំមើលសង្គ្រាម បាននិយាយថា អ៊ីស្រាអែល ដែលជាសត្រូវដ៏យូររបស់ស៊ីរី បានបើកការវាយប្រហាររាប់រយលើក ទៅលើទីតាំងយោធាស៊ីរី ចាប់តាំងពីលោកប្រធានាធិបតី បាសា អាល់អាសាដ (Bashar al-Assad) បានផ្តួលរំលំ កាលពីថ្ងៃទី ០៨ ខែធ្នូ ដោយបានបំផ្លាញឃ្លាំងអាវុធភាគច្រើនរបស់កងទ័ព។
នៅថ្ងៃដដែលនោះ លោក អាសាដ ត្រូវបានផ្តួលរំលំដោយកងកម្លាំងដឹកនាំដោយរដ្ឋឥស្លាម អ៊ីស្រាអែលក៏បានប្រកាសថា កងទ័ពរបស់ខ្លួន កំពុងឆ្លងកាត់ខ្សែបន្ទាត់បទឈប់បាញ់ និងកាន់កាប់តំបន់ទ្រនាប់ដែលគ្រប់គ្រង ដោយអង្គការសហប្រជាជាតិ ដែលបានបំបែកកងកម្លាំងអ៊ីស្រាអែល និងស៊ីរី នៅលើតំបន់យុទ្ធសាស្ត្រ Golan Heights ចាប់តាំងពីឆ្នាំ ១៩៧៤។
លោក Mreiwel បាននិយាយថា នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់លោកជាមួយអ៊ីស្រាអែល៖«ពួកគេបានស្នើសុំឲ្យប្រគល់អាវុធឲ្យពួកគេ ក្នុងរយៈពេល ៤៨ម៉ោង»។