ពលរដ្ឋអាមេរិក ២នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដែលជាផ្នែកនៃក្រុមមនុស្ស ៧នាក់ ដែលប្រធានាធិបតី លោក Nicolas Maduro កាលពីថ្ងៃអង្គារ (ទី៧ ខែមករា) បានដាក់ឈ្មោះថា ជា «ទាហានស៊ីឈ្នួល» អំឡុងការជួបជុំចុងក្រោយ នៅមុនពិធីស្បថចូលកាន់តំណែងដែលត្រូវបានរំពឹងទុករបស់មេដឹកនាំដែលជួបបញ្ហា ចំពោះអាណត្តិថ្មី នៅចុងសប្តាហ៍នេះ។
លោក Maduro បាននិយាយថា ពលរដ្ឋអាមេរិកដែលត្រូវបានឃុំខ្លួន គឺជា «បុគ្គលមានឥទ្ធិពល» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត ឬភស្តុតាងបន្ថែមនៃការចាប់ខ្លួននេះឡើយ។
បន្ទាប់ពីមានការបោះឆ្នោតដ៏ចម្រូងចម្រាស កាលពីខែកក្កដាឆ្នាំមុន ដែលគណបក្សប្រឆាំងនិយាយថា ខ្លួនបានឈ្នះក្នុងសំឡេងដ៏ច្រើន លោក Maduro ដែលគ្រោងនឹងចូលកាន់តំណែងអាណត្តិទី៣ នាថ្ងៃសុក្រនេះ បាននិយាយថា៖ «គ្រាន់តែថ្ងៃនេះ យើងបានចាប់បានទាហានស៊ីឈ្នួលបរទេសចំនួន ៧រូប ក្នុងនោះរួមទាំងទាហានស៊ីឈ្នួលសំខាន់ៗ ២នាក់ មកពីសហរដ្ឋអាមេរិកផងដែរ»។
លោក Maduro បានបន្ថែមថា ក្រុមអ្នកជាប់ឃុំខ្លួន រួមមានជនជាតិកូឡុំប៊ី ២នាក់ផងដែរ ដែលលោកបាននិយាយថា ត្រូវបានចាប់ខ្លួននៅទីកន្លែងមិនបានបញ្ជាក់របស់វេណេហ្ស៊ុយអេឡា ព្រមទាំង ៣នាក់ទៀត ដែលមកពីតំបន់ធ្វើសង្គ្រាម នៅអ៊ុយក្រែន។
ទាំងក្រសួងការបរទេសអាមេរិក និងក្រសួងការបរទេសកូឡុំប៊ី មិនឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងករណីនេះ៕