យោធាអ៊ុយក្រែន និយាយនៅថ្ងៃពុធនេះថា រុស្ស៊ី បានវាយប្រហារដោយយានដ្រូនសរុប ៦៤គ្រឿងលើតំបន់ជាច្រើននៅក្នុងប្រទេសរបស់ពួកគេកាលពីយប់កន្លងទៅ ។
កងទ័ពអាកាសអ៊ុយក្រែន និយាយថា នៅក្នុងចំណោមយានដ្រូនទាំងនោះ កងទ័ពអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូន ៤១គ្រឿង ខណៈយានដ្រូន ២២គ្រឿងទៀត ពុំបានវាយប្រហារចំគោលដៅនោះឡើយ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា បំណែកយានដ្រូន បានធ្លាក់លើគេហដ្ឋានឯកជនមួយកន្លែងស្ថិតក្នុងតំបន់គីវ ធ្វើឲ្យខូចខាតផ្នែកខាងមុខអគារ និងបង្អួច ប៉ុន្តែពុំបង្កឲ្យមានគ្រោះថ្នាក់អ្វីនោះឡើយ ។

មកទល់នឹងវេលាម៉ោង ៩ព្រឹកថ្ងៃពុធនេះ យានដ្រូន ៤១គ្រឿង រួមទាំងយានដ្រូន Shahed និងយានដ្រូនជាច្រើនប្រភេទទៀត ត្រូវបានគេរាយការណ៍ថា បានវាយប្រហារលើតំបន់ Poltava, Sumy, Kharkiv, Cherkasy, Chernihiv, Zhytomyr, Dnipropetrovsk, Mykolaiv និងតំបន់ Kirovohrad ។
យានដ្រូន ២២គ្រឿងរបស់សត្រូវ បានវង្វេងផ្លូវ ក្នុងនោះយានដ្រូន ៣គ្រឿង បានហោះវិលត្រឡប់ទៅកាន់ប្រទេសរុស្ស៊ីវិញ និងយានដ្រូនមួយគ្រឿង ហោះឆ្ពោះទៅកាន់ប្រទេសបេឡារុស ៕
