នៅថ្ងៃពុធនេះ ក្រុមជួយសង្រ្គោះ បានទាញសាកសពមនុស្សម្នាក់ចេញពីអណ្តូងរ៉ែធ្យូងថ្មរងការជន់លិច ជាទីដែលកម្មករអណ្តូងរ៉ែ ៩នាក់ជាប់ខ្លួននៅរដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា ។
សាកសពមនុស្ស ៣នាក់ ត្រូវបានប្រទះឃើញដោយក្រុមជួយសង្រ្គោះ កាលពីថ្ងៃអង្គារ ប៉ុន្តែពួកគេនៅពុំអាចទាញចេញបាននោះទេ ដោយសារប្រតិបត្តិការជួយសង្រ្គោះ ជួបការលំបាកខ្លាំង ។
លោក Kandari គឺជាមេបញ្ជាការកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ និយាយថា ក្រុមអ្នកមុជទឹកប្រឈមនឹងស្ថានភាពលំបាក រួមទាំងស្ថានភាពអាកាសធាតុត្រជាក់ ទឹកល្អក់ពិបាកមើលឃើញ ហើយនិងការមុជទឹកនៅតាមចន្លោះតូចចង្អៀតក្រោមដីនៅក្នុងអណ្តូងរ៉ែ ។

ចំនួនពិតប្រាកដនៃកម្មករអណ្តូងរ៉ែជាប់ខ្លួននៅមិនទាន់ដឹងច្បាស់នោះទេ ខណៈក្រុមអាជ្ញាធរក្នុងស្រុកបញ្ជាក់ថា មានកម្មករ ៩នាក់ ។
កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានបញ្ជូនក្រុមអ្នកមុជទឹក ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ដើម្បីជួយសង្រ្គោះកម្មករទាំង ៩នាក់ ដែលបានជាប់ខ្លួនក្នុងអណ្តូងរ៉ែ ចាប់តាំងពីថ្ងៃចន្ទមកម្ល៉េះ ស្ថិតនៅស្រុកតំបន់ភ្នំ Dima Hasao នៃរដ្ឋ Assam ។
សូមបញ្ជាក់ថា គ្រោះមហន្តរាយពាក់ព័ន្ធនឹងអណ្តូងរ៉ែនៅតាមតំបន់ដាច់ស្រយាលភាគឦសានប្រទេសឥណ្ឌា បានក្លាយជារឿងធម្មតាទៅហើយ ។ គ្រោះមហន្តរាយមួយ ស្ថិតក្នុងចំណោមគ្រោះមហន្តរាយដ៏អាក្រក់បំផុត បានកើតឡើងកាលពីឆ្នាំ ២០១៩ ពេលដែលកម្មករអណ្តូងរ៉ែយ៉ាងហោច ១៥នាក់ បានជាប់ខ្លួន ខណៈធ្វើការនៅក្នុងអណ្តូងរ៉ែខុសច្បាប់នៅរដ្ឋជិតខាង Meghalaya ក្រោយរងការជន់លិចដោយទឹកជំនន់ពីទន្លេក្បែរនោះ ៕

