អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិក្រុងដាម៉ាស់ បានឱបគ្រួសាររបស់ពួកគេលាយឡំនឹងទឹកភ្នែក ភាពក្តុកក្តួល និងភាពសប្បាយរីករាយ ពេលដែលជើងហោះហើរអន្តរជាតិ បានចាប់ផ្តើមដំណើរការឡើងវិញជាលើកដំបូង ចាប់តាំងពីការដួលរលំទៅរបបរបស់លោក Bahsar al-Assad កាលពីខែមុន ។
ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA រាយការណ៍ថា ជើងហោះហើរដំបូងដែលបានចុះចតនៅរដ្ឋធានីប្រទេសស៊ីរីមួយនេះ គឺជាជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍កាតា ពីទីក្រុង Doha ខណៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ស៊ីរី ដឹកអ្នកដំណើរ ១៤៥នាក់ បានចាកចេញពីទីក្រុងដាម៉ាស់ ហោះឆ្ពោះទៅកាន់អាកាសយានដ្ឋាន Sharjah ស្ថិតក្នុងប្រទេសអារ៉ាប់រួម ។
កាលពីឆ្នាំ ២០១២កន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើន បានបញ្ឈប់ជើងហោះហើររបស់ពួកគេចេញ-ចូលអាកាសយានដ្ឋានក្រុងដាម៉ាស់ បន្ទាប់ពីវិធានការបោសសម្អាតយ៉ាងឃោឃៅរបស់របបលោក Assadលើបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យរបស់ជនស៊ីវិល ។

វិធានការនេះ បានបង្ខំឲ្យពលរុស្ស៊ី ត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសលីបង់ ឬប្រទេសហ្សកដានី ធ្វើឲ្យពួកគេជួបការលំបាកខ្លាំង ទាំងការចំណាយពេលវេលា និងចំណាយធនធាន ។
កាលពីសប្តាហ៍មុន ក្រុមហ៊ុនអាកាសចរណ៍កាតា បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិលើកដំបូងគេ ប្រកាសថា ពួកគេនឹងចាប់ផ្តើមឡើងវិញការហោះហើរទៅកាន់រដ្ឋធានីប្រទេសស៊ីរី មិនហួសពីថ្ងៃទី ៧ ខែមករានោះឡើយ ។
លោក Assad ដែលជាមេដឹកនាំស៊ីរីអស់រយៈពេលជិត ២៥ឆ្នាំ បានរត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ក្រោយក្រុមប្រឆាំងរបបរបស់លោក ដណ្តើមបានការគ្រប់គ្រងទីក្រុងដាម៉ាស់កាលពីថ្ងៃទី ៨ ខែធ្នូ ជាការបញ្ចប់របបរបស់គណបក្ស Baath ដែលបានកាន់អំណាចចាប់តាំងពីឆ្នាំ ១៩៦៣រហូតមក ។
ការផ្ទេរអំណាច បានកើតមានឡើង ក្រោយក្រុមសកម្មប្រយុទ្ធ Hayat Tahrir al-Sham ដណ្តើមបានការកាន់កាប់ទីក្រុងជាច្រើន អំឡុងការវាយប្រហារលឿនដូចផ្លេកបន្ទោររបស់ពួកគេ ដែលបានចំណាយពេលតិចជាងរយៈពេល ២សប្តាហ៍ ៕

