បាល់ទាត់៖ អ្នកចាត់ការថ្មីរបស់ Tottenham Hotspur លោក Antonio Conte បានចាប់ផ្តើមនាំក្រុមប្រកួតដំបូងយប់មិញក្នុងក្របខណ្ឌ UEFA Europa Conference League យកឈ្នះក្រុមភ្ញៀវហូឡង់ Vitesse ៣-២។ Spurs ចាប់ផ្តើមបានល្អដោយរកបានគ្រាប់នាំមុខមុនដល់ទៅ ៣គ្រាប់ពោលគឺ Heung-min Son នាទីទី១៤, Lucas Moura នាទីទី២២ និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Vitesse កីឡាករ Rasmussen នាទីទី២៨។

គ្រាប់បាល់របស់ Vitesse ក៏មិនរង់ចាំដល់វគ្គទី២ ដែរពោលគឺ Rasmussen ដដែលក៏រកបានមួយគ្រាប់វិញនៅនាទីទី៣២ និង Matus Bero នាទីទី៣៩។ ផុតពីនេះមិនមានគ្រាប់បាល់កើតឡើងទៀតឡើយ តែកាតលឿងកាតក្រហមហូរហែ។ ខ្សែការពារអាហ្សង់ទីន Christian Romero ទទួលបានកាតលឿងទី២ បណ្តេញចេញនៅនាទីទី៥៩ ខណៈក្រុមភ្ញៀវក៏បាត់បង់កីឡាករ ២នាក់ដែរដោយប្រធានក្រុម Danilho ទទួលបានកាតលឿងទី២ ក្រោយកំហុសលើ Harry Kane ខណៈកាតក្រហមមួយទៀតអ្នកចាំទី Marcus Schubert ប្រើដៃក្រៅប្រអប់។ ជ័យជំនះរបស់ Spurs បានធ្វើឱ្យពួកគេឡើងមកលេខ២ ក្នុងពូល G មាន ៧ពិន្ទុខណៈក្រុមបារាំង Rennes នាំមុខគេមាន ១០ពិន្ទុក្រោយឈ្នះ Mura ១-០ យប់មិញ៕
អត្ថបទ៖នាង សុភាវុធ