មនុស្សជាច្រើននាក់ នៅបាត់ខ្លួន ក្រោយការរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រនៅតំបន់ទីបេត៍ ប្រទេសចិនកាលពីថ្ងៃអង្គារ ។
ការរញ្ជួយបានអង្រួនជើងភ្នំជាច្រើននៅតំបន់ភ្នំហិម៉ាឡៃមួយនេះ ដោយបានបំផ្លិចបំផ្លាញអគាររស់នៅរបស់អ្នកស្រុក និងបានផ្លាស់ប្តូរទ្រង់ទ្រាយនៅតំបន់ទីបេត៍ ។
យោងតាមការអះអាងរបស់ទូរទស្សន៍រដ្ឋចិន CCTV បានឲ្យដឹងថា មនុស្សយ៉ាងហោច ១២៦នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១៨៨នាក់ផ្សេងទៀត រងរបួសនៅតំបន់ទីបេត៍ មកទល់នឹងពេលបាយថ្ងៃត្រង់ថ្ងៃពុធនេះ ។
ក្រុមមន្រ្តីចិន និយាយថា មនុស្សជាង ៤០០នាក់ ដែលជាប់ខ្លួនក្រោមកម្ទេចកម្ទី ត្រូវបានជួយសង្រ្គោះ ខណៈក្រុមអាជ្ញាធរ នៅពុំទាន់បានប្រកាសពីចំនួនមនុស្សបាត់ខ្លួននោះទេ ។

សារព័ត៌មានរដ្ឋ រាយការណ៍ថា ការស្ទង់ដំបូងបង្ហាញថា គេហដ្ឋានពលរដ្ឋជាង ៣.៦០០ខ្នង រងការបំផ្លិចបំផ្លាញ នៅតំបន់ Shigatse ជាទីដែលមានមនុស្សរស់នៅ ៨០ម៉ឺននាក់ ។
រូបភាពវីដេអូឃ្លីបនៅលើសារព័ត៌មានរដ្ឋ ឃើញការបោះតង់សង្រ្គោះបន្ទាន់ដែលប្រតិបត្តិការដោយទាហាន និងក្រុមការងារជំនួយ ។
អ្នករស់រាននៅជាប់ខ្លួនក្រោមកម្ទេចកម្ទី បានស៊ូទ្រាំរួចទៅហើយនឹងអាកាសធាតុត្រជាក់ខ្លាំង ពេលដែលតំបន់មានរយៈកម្ពស់ខ្ពស់ៗ បានជួបប្រទះអាកាសធាតុធ្លាក់ចុះដល់កម្រិតសូន្យអង្សាសេនៅពេលយប់ ។
ក្រុមអ្នកជំនាញនិយាយថា មនុស្សដែលជាប់ខ្លួន ឬអ្នកដែលគ្មានទីជម្រកប្រឈមនឹងការថយចុះកម្តៅលឿន ហើយអាចរស់បានរយៈពេលពី ៥ ទៅ ១០ម៉ោងប៉ុណ្ណោះ សូម្បីតែពួកគេពុំរងរបួស ។
តំបន់រុករកអ្នករស់រានមានទំហំប៉ុនប្រទេសកម្ពុជា ជាហេតុបន្ថែមសំពាធដ៏ធំមួយដល់ក្រុមអ្នកជួយសង្រ្គោះ ៕
