ប្រទេសអ៊ីរ៉ង់កំពុងជំរុញឲ្យទទួលបានមកវិញនូវប្រេងចំនួន ២៥លានបារ៉ែលពីប្រទេសចិនដែលត្រូវបានជាប់នៅក្នុងកំពង់ផែចិន អស់រយៈពេល ៦ឆ្នាំ ដោយសារតែទណ្ឌកម្មដាក់ដោយលោក Donald Trump ដែលពេលនោះជាប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះបើតាមប្រភពអ៊ីរ៉ង់ ៣រូប និងចិនមួយរូបដែលដឹងពីបញ្ហានេះ។
លោក Trump នឹងត្រលប់ទៅកាន់អំណាចផ្លូវការវិញ នៅថ្ងៃទី២០ ខែមករា ហើយអ្នកវិភាគលើកឡើងថា លោកត្រូវបានគេរំពឹងថា នឹងរឹតបន្តឹងទណ្ឌកម្មជាថ្មីម្តងទៀតលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដើម្បីកម្រិតប្រាក់ចំណូលរបស់ទីក្រុងតេអេរ៉ង់ ដូចដែលលោកបានធ្វើក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី។

ប្រទេសចិនដែលនិយាយថា ខ្លួនមិនទទួលស្គាល់ទណ្ឌកម្មជាឯកតោភាគី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាន និងកំពុងទិញប្រហែល ៩០ភាគរយនៃការនាំចេញប្រេងរបស់ទីក្រុងតេអេរ៉ង់ ក្នុងតម្លៃទាប ដែលបានជួយសន្សំប្រាក់ដល់ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ខ្លួនរាប់ពាន់លានដុល្លារ។
ប៉ុន្តែប្រេងដែលមិនអាចធ្វើប្រតិបត្តិការលក់បានតម្លៃ ១,៧៥ពាន់លានដុល្លារ តាមតម្លៃទីផ្សារបច្ចុប្បន្ននេះ បង្ហាញពីបញ្ហាប្រឈមដែលអ៊ីរ៉ង់កំពុងជួបប្រទះ សូម្បីតែការលក់នៅក្នុងប្រទេសចិន។
ក្រសួងប្រេងអ៊ីរ៉ង់មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។ នៅពេលត្រូវបានសួរអំពីប្រេងដែលមិនអាចលក់បាននេះ ក្រសួងការបរទេសចិន បានឆ្លើយតបថា កិច្ចសហប្រតិបត្តិការរបស់ចិនជាមួយអ៊ីរ៉ង់ គឺស្របច្បាប់ ប៉ុន្តែបានបដិសេធមិនអធិប្បាយអ្វីបន្ថែម៕
