នៅថ្ងៃពុធនេះ ជនប៉ាឡេស្ទីននៅទីក្រុង Khan Younis បានកាន់ទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេ រួមទាំងក្មេងៗដែលត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ និងបានរៀបចំពិធីបុណ្យសពឧទ្ទិសកុសលផលបុណ្យដល់ពួកគេ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខភាពហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនជិត ៤៦.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមជីវពលហាម៉ាស់លើដែនដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២៥០នាក់ ។

ការវាយប្រហាររបស់យោធាអ៊ីស្រាអែលបានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ២៤នាក់នៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប កាលពីថ្ងៃអង្គារ ខណៈដែនដីគ្រប់គ្រងដោយក្រុមហាម៉ាស់មួយនេះ ជំរុញឲ្យក្រុមបរិច្ចាគអន្តរជាតិផ្តល់ជាប្រេងបន្ទាន់ ដើម្បីដំណើរការម៉ាស៊ីនភ្លើង និងរក្សាសេវាកម្មវេជ្ជសាស្រ្ត ។
គ្រូពេទ្យបឋម និយាយថា ការវាយប្រហារមួយក្នុងចំណោមការវាយប្រហារទាំងនោះ បានសម្លាប់មនុស្ស ៤នាក់នៅក្នុងផ្ទះមួយខ្នង នៅទីក្រុងហ្កាហ្សា ហើយមនុស្ស ៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយទៀតនៅទូទាំងតំបន់កាន់កាប់មួយនេះ ។
ក្រោយមកនៅថ្ងៃអង្គារនោះដែរ ការវាយប្រហាររបស់អ៊ីស្រាអែលលើសំពត់តង់ ស្ថិតក្នុងទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា បានសម្លាប់ក្មេងៗ ៤នាក់ និងជនប៉ាឡេស្ទីន ៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល លើផ្ទះមួយខ្នងនៅទីក្រុង Jabalia ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា ៕

