មនុស្សរាប់ម៉ឺននាក់ ត្រូវបានបង្ខំចិត្តជម្លៀសខ្លួនចេញពីតំបន់ជាច្រើននៅទីក្រុង Los Angeles ពេលដែលខ្យល់បក់ខ្លាំង ធ្វើឲ្យភ្លើងឆេះព្រៃរីករាលដាលកាន់តែឆាប់រហ័សនៅជុំវិញទីក្រុងភាគខាងលិចសហរដ្ឋអាមេរិកមួយនេះ ។
មនុស្សជាង ៣ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ពេលខ្យល់បក់ខ្លាំងធ្វើឲ្យអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅនៅតំបន់ឆ្នេរ Pacific Palisades ។ ភ្លើងឆេះព្រៃនេះដែរ បានធ្វើឲ្យតំបន់ជាច្រើនទៀតនៅជុំវិញរដ្ឋភាគខាងត្បូង California រងការគំរាមកំហែងផងដែរ ។

ក្រុមអ្នកស្រុកភ័យស្លន់ស្លោ បានបោះចោលរថយន្តរបស់ពួកគេនៅតាមផ្លូវចេញ-ចូលតំបន់ឆ្នេរ Pacific Palisades ដោយពួកគេរត់ភៀសខ្លួនដោយថ្មើរជើងចេញពីអណ្តាតភ្លើងឆាបឆេះដីព្រៃទំហំ ១.២០០ហិចតា ហ៊ុព័ទ្ធតំបន់ដែលមានផ្ទះតម្លៃរាប់លានដុល្លារនៅតំបន់ភ្នំ Santa Monica ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រើប្រាស់គ្រឿងចក្រដើម្បីរុញរថយន្តទៅម្ខាងផ្លូវ ដើម្បីបើកផ្លូវសម្រាប់ឲ្យរថយន្តជួយសង្រ្គោះបន្ទាន់ចូល ។
លោក Kristin Crowley គឺជាប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យក្រុង Los Angeles និយាយថា បើទោះបីជាមានការជម្លៀសខ្លួនមនុស្សដ៏វឹកវរបែបនេះក្តី ពុំមានសេចក្តីរាយការណ៍ពីការស្លាប់មនុស្សនោះទេ ។
មន្រ្តីពន្លត់អគ្គិភ័យម្នាក់ និយាយប្រាប់ទូរទស្សន៍ KTLA ថា មនុស្សជាច្រើននាក់ បានរងរបួស ក្នុងនោះពួកគេមួយចំនួនរលាកផ្ទៃមុខ និងដៃ ។ ចំណែកឯស្រ្តីពន្លត់អគ្គិភ័យម្នាក់ បានរងរបួសក្បាល ៕
