ទីភ្នាក់ងារដឹកជញ្ជូនសាធារណៈរបស់ប្រទេសហ្វាំងឡង់ នៅថ្ងៃពុធ (ទី៨ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា នាវាដឹកប្រេងដែលជាប់សង្ស័យក្នុងការធ្វើឲ្យខូចខាតខ្សែកាបក្រោមបាតសមុទ្រ នៅសមុទ្របាល់ទិក ត្រូវបានរកឃើញថា មានភាពខ្វះចន្លោះច្រើនណាស់ ពោលគឺពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាព ហើយនឹងមិនអនុញ្ញាតឲ្យធ្វើប្រតិបត្តិការនោះឡើយ រហូតដល់ការជួសជុលត្រូវបានបញ្ចប់សព្វគ្រប់។
គួរបញ្ជាក់ថា បណ្តាប្រទេសនៅសមុទ្របាល់ទិក មានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការដាច់ខ្សែថាមពល បណ្ដាញតភ្ជាប់ទូរគមនាគមន៍ និងបំពង់បង្ហូរឧស្ម័ន ឬប្រេង ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ សម្ព័ន្ធមិត្តយោធាណាតូ ឬអង្គការណាតូ (NATO) បាននិយាយថា ខ្លួននឹងជំរុញដល់ការមានវត្តមានកងកម្លាំងរបស់ខ្លួន នៅក្នុងតំបន់។

នគរបាលហ្វាំងឡង់បានរឹបអូសនាវា Eagle S ដែលដឹកប្រេងរបស់រុស្ស៊ី កាលពីថ្ងៃទី២៦ ខែធ្នូ ហើយបាននិយាយថា ពួកគេសង្ស័យថា នាវានេះបានធ្វើឲ្យខូចខាតខ្សែថាមពល Estlink 2 និងខ្សែទូរគមនាគមន៍ចំនួន ៤ខ្សែ ដែលតភ្ជាប់រវាងហ្វាំងឡង់ និងអេស្តូនី ដោយអូសយុថ្កាកាត់បាតសមុទ្រ។
ខណៈពេលដែលការស៊ើបអង្កេតរបស់នគរបាល កំពុងបន្តប្រព្រឹត្តទៅ អាជ្ញាធរហ្វាំងឡង់ ក៏បានពិនិត្យផងដែរនូវស្ថានភាពរបស់នាវា អំឡុងការត្រួតពិនិត្យតាមលក្ខខណ្ឌកំពង់ផែ ដែលត្រូវបានបញ្ចប់នៅថ្ងៃពុធនេះ។
នាយកផ្នែកកិច្ចការសមុទ្រ លោកស្រី Sanna Sonninen នៃទីភ្នាក់ងារដឹកជញ្ជូន និងទំនាក់ទំនងហ្វាំងឡង់ Traficom បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការកែតម្រូវនូវភាពខ្វះចន្លោះ នឹងត្រូវការជំនួយផ្នែកជួសជុលពីខាងក្រៅនាវានេះ ហើយនឹងត្រូវការពេលវេលា»៕

