កងកម្លាំងយោធាស៊ូដង់ បានអះអាងថា ពួកគេបានរុលចូលទីក្រុងធំទី Omdurman ដណ្តើមបានតំបន់មួយចំនួនត្រឡប់មកវិញ ដែលកាលពីមុនធ្លាប់គ្រប់គ្រងដោយក្រុមឧទ្ទាម គឺកងកម្លាំងគាំទ្ររហ័ស(RSF) ។
ការប្រយុទ្ធគ្នាដ៏ក្តៅគគុក ត្រូវបានគេរាយការណ៍ថាកំពុងកើតឡើងនៅក្នុងទីក្រុងមួយនេះ ដែលឆ្លងកាត់ផ្ទាល់ទន្លេនីល ចេញពីរដ្ឋធានី Khartoum នៅថ្ងៃពុធនេះ ដែលជាថ្ងៃទី ២នៃការប៉ះទង្គិចគ្នា ។
យោងតាមការអះអាងរបស់លោក Hiba Morgan គឺជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មាន Al Jazeera ប្រចាំនៅប្រទេសស៊ូដង់ បានឲ្យដឹងថា បច្ចុប្បន្នកងទ័ពស៊ូដង់ រឹបអូសបានអតីតដែនដីរបស់ក្រុម RSF នៅតំបន់ Mansoura, Murabaat និងតំបន់ Elfitihab ។

យុទ្ធនាការនៅទីក្រុង Omdurman គឺជាផ្នែកមួយនៃដំណាក់កាលថ្មីក្នុងសង្រ្គាមដែលបានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ ២០២៣ ពេលការប្រយុទ្ធគ្នារបស់ពួកគេផ្តោតសំខាន់លើទីក្រុង Khartoum និងតំបន់ Darfur ។ ជម្លោះមួយនេះ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងមនុស្សរាប់លាននាក់ផ្សេងទៀត បានជម្លៀសខ្លួន ។
នៅលើបណ្តាញព័ត៌មានសង្គម អ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មាន Al Jazeera រាយការណ៍ថា ក្រុមសកម្មប្រយុទ្ធ RSF បានបញ្ជូនយានដ្រូន ដើម្បីបញ្ឈប់ការរុលចូលរបស់កងទ័ពស៊ូដង់ ៕
